ទុក្ខជាន់លើទុក្ខ! ទឹកជំនន់នៅភូមិវាលថ្លាន់ មិនទាន់ស្រក ទៅវិញស្រួលបួលផង ឥឡូវមានភ្លើងឆេះផ្ទះពលរដ្ឋ ១ខ្នងទៀត (Video)

0

ភ្នំពេញ៖ ទឹកជំនន់ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនទាន់ស្រកទៅវិញស្រួលបួលផង ឥឡូវមានលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ១ខ្នងធ្វើអំពីឈើប្រក់សង្កសី ត្រូវភ្លើងឆាបឆេះគ្មានសល់ ដោយសារដុតទៀន បំភ្លឺក្នុងផ្ទះហើយភ្លេចពន្លត់ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៥ និង៤០នាទី ព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្តុំសណ្តរស្ទឹងព្រែកត្នោត ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ព្រឹល ស៊ីដេត ភេទប្រុស ។

សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្តាលអោយភ្លើងឆេះផ្ទះនេះ គឺដោយសារម្ចាស់ផ្ទះដុតទៀនហើយភ្លេចពន្លត់ ទើបបណ្តាលអោយឆេះផ្ទះបែបនេះ ។ ដោយឡែក នៅក្នុងហេតុការណ៍នេះដែរ ក៍ធ្វើអោយផ្ទះ ២ខ្នងផ្សេងទៀត នៅសងខាងផ្ទះកើតហេតុនោះ ក៏មានការរោលខ្មៅៗមួយចំហៀងផ្ទះផងដែរ តែមិនឆេះនោះទេ ។

សមត្ថកិច្ចប្រាប់ទៀតថា នៅហេតុការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ប្រចាំការនៅសាលាខណ្ឌដង្កោ ចំនួន ២គ្រឿង ប៉ុន្តែបាញ់ទឹកអស់តែ ១គ្រឿង ទើបភ្លើងរលត់ទៅវិញទាំងស្រុង ដោយមិនមានមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះឡើយ ៕