ភ្នំពេញ៖ ក្រោយពីបានលេចឮតាម Facebook អំពើព្រៃផ្សៃ របស់ឪពុកបានប្រើខ្សែក្រវ៉ាត់ វាយលើកូនប្រុស ២នាក់ ជាច្រើនលើកច្រើនសារ នៅស្រុកកៀនស្វាយភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងចុះប្រតិបត្តិការ ស្រាវជ្រាវ ឈានដល់ឡោមព័ទ្ធ ។ ទើបនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យចេញមកឱ្យសមត្ថកិច្ច ឃាត់ខ្លួននៅចំណុច ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ កែវ ភា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាឪពុកជនរងគ្រោះ)។ ចំណែកជនរងគ្រោះក្នុងអំពើហិង្សានោះ មានចំនួន ២នាក់
ទី១-ឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស ។
ទី២-ឈ្មោះ ភឿន សុផាន់ ភេទ ប្រុស អាយុ ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ជាកូនបង្កើតជនបង្ក)។
សមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង ៨៖៣០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យដែលត្រូវជាឪពុកបង្កើត ជនរងគ្រោះបានមកពីផឹកស្រាស្រវឹង ពេលមកដល់ផ្ទះ មិនឃើញកូននៅផ្ទះហើយជនសង្ស័យ ធ្លាប់ប្រាប់កូនឈ្មោះ ភឿន សុភាព ជាច្រើនដងថាកុំអោយដើរចោលផ្ទះ ពេលខ្លួនមិននៅផ្ទះ ដោយសារជនសង្ស័យខឹងកូនពេកក៏បានទាញ រំពាត់ឬស្សី វាយទៅលើឈ្មោះ ភឿន សុភាព ចំខ្នងប្រហែល បី ទៅបួន រំពាត់ ពេលនោះ ប្អូនជនរងគ្រោះ ឈ្មោះ ភឿន សុផាន់ ឃើញឪពុក វ៉ៃបងប្រុស ក៏រត់ចូលទៅអោប បងប្រុស ហើយក៏ត្រូវក្បាលពីរទៅបីរំពាត់ទៀត បណ្តាលអោយបែកក្បាល។
វត្ថុតាងចាប់យករួមមាន៖ ខ្សែភ្លើងវិញជាពីរប្រវែង ០.៧៦ម៉ែត្រ។
ក្រោយពីកើតហេតុ ម្តាយជនរងគ្រោះបានមក ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលសំណូមពរ អោយសមត្ថកិច្ចជួយកោះហៅប្តីរបស់ខ្លួន មកធ្វើកិច្ចសន្យា អប់រំនៅប៉ុស្តិ៍ តែដោយប្តីរបស់ខ្លួនមិននៅផ្ទះ ចេញទៅលក់ត្រីក៏សំណូមពរ ឱ្យសម្ថកិច្ចចាំថ្ងៃច័ន្ទទី១៩ ខែតុលា ឆ្នាំ២០២០ ហៅប្តីខ្លួនមកប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ ។
ស្រាប់តែដល់ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដោយមានការបង្ហោះហ្វេសប៊ុក បានចុះផ្សាយ លោកស្នងការក៏បានបញ្ជា កម្លាំងជំនាញស្រុកកៀនស្វាយ និងកម្លាំងជំនាញខេត្ត ចុះសហការណ៍ជាមួយប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្សយ័ និងជនរងគ្រោះយកមកអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីអនុវត្តន៍នីតិវិធី ៕