ភ្នំពេញ៖ គួរឲ្យអាសូរបុរសម្នាក់ ត្រូវទឹកហូរគួចនាំយកទៅបាត់ ខណៈកំពុងតែហែលឆ្លងស្ទឹង ត្រឡប់មកពីកាប់ឬស្សីវិញ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីម៉ោងជិត ១រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលត្រូវទឹកហូរយកទៅបាត់នេះ មានឈ្មោះ ទេព បឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បើតាមប្រភព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងដែរថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានហែលទឹកឆ្លងស្ទឹងទៅកាប់ឬស្សី ពេលកាប់រួចក៏ហែលទឹកត្រឡប់មកវិញ ប៉ុន្តែនៅពេលដែលហែល ត្រឡប់មកដល់ពាក់កណ្តាលស្ទឹង ទឹកហូរខ្មួលខ្មាញ់ខ្លាំងពេក បុរសនោះមិនអាចទប់នឹងកម្លាំងទឹកហូរបាន ក៏ត្រូវទឹកហូរគួចយកទៅបាត់តែម្តង ។
នៅពេលដែលទឹកនាំយកទៅភ្លាមៗ ពលរដ្ឋដែលនៅក្បែរនោះនាំគ្នារកដែរ តែនៅតែមិនឃើញ រហូតដល់នឹងពេលម៉ោងជាង ៧យប់ហើយនោះ នៅតែរកមិនឃើញ ហើយនៅពេលនេះ សមត្ថកិច្ច និងពលរដ្ឋនៅតែបន្តតាមរាវរក បុរសរូបនេះដដែល ។
បើតាមការបញ្ជាក់របស់ សមត្ថកិច្ចបានប្រាប់ថា បុរសរូបនេះប្រហែលជា អាចបាត់បង់ជីវិតហើយ ព្រោះរយៈពេលយូរហើយនៅតែរកមិនឃើញ ៕