ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពេលនេះអាជ្ញាធរត្រូវជម្លៀសប្រជាជន នៅតំបន់ដែលមានគ្រោះថ្នាក់ ទៅកាន់ទីទួលសុវត្ថិភាព ហើយបន្ទាប់ពីទឹកស្រកអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែដឹកជញ្ជូនប្រជាជន ទៅកាន់មូលដ្ឋានដើមវិញ ។
ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១៥ តុលា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ។ សម្តេច ក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានប្រឹងប្រែងដោយខ្លួនឯង រួមទាំងការជួយរបស់អាជ្ញាធរ ដោយរាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
សម្តេចតេជោ ហ៊ុន សែន បានបន្តសំណូមពរ និងអំពាវនាវ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ដូចតទៅ៖
ទី១) គឺជម្លៀសប្រជាជននៅតំបន់ ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេល ដែលដឹកជញ្ជូនទៅកាន់ទីនោះ
ទី២) បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយសម្រួលដល់ការដឹកជញ្ជូន ប្រជាជនទៅកាន់មូលដ្ឋានដើមវិញ
ទី៣) ត្រូវផ្គត់ផ្គង់ស្បៀងដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។
សម្តេច អំពាវនាវចំពោះប្រជាជន ត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំ ទៅដល់ជំងឺរាគរួស ក្អួត នាំមកនូវការលំបាកបន្ថែមទៀត។ សម្ដេច ក៏បានស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅតំបន់ ដែលប្រជាពលរដ្ឋត្រូវបានជម្លៀស ទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពរបស់ ប្រជាពលរដ្ឋនេះទៀតសោត ក៏ព្រោះចង់ឃើញស្ថានភាពជាក់ស្ដែង មិនចង់ត្រឹមស្ដាប់ និងមើលរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរាយការណ៍ជាបន្ដបន្ទាប់គ្រប់ពេលនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំទៀតថា បន្ទាប់ពីជម្លៀសប្រជាជនមក កាន់កន្លែងមានសុវត្ថិភាពហើយ ត្រូវផ្ដល់នូវការថែទាំសុខភាព ផ្ដល់អាហារ ថ្នាំពេទ្យគ្រប់ពេលទាំងអស់ មិនឲ្យខ្វះខាតនោះឡើយ។ នៅក្នុងការពិនិត្យមើលស្ថានភាពទឹកជំនន់នេះ សម្ដេចតេជោបានផ្ដល់នូវ ចំណុចអនុសាសន៍សំខាន់ចំនួន ៣សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរផងដែរ៖
ទី១) ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ ត្រូវតែរួមគ្នាទប់ស្កាត់បង្ការការចម្លងជំងឺកូវីដ១៩
ទី២) រួមគ្នាទប់ទល់ដោះស្រាយ នូវគ្រោះទឹកជំនន់ដែលកំពុងកើត មានឡើងនៅពេលបច្ចុប្បន្ននេះ
ទី៣) រួមគ្នាដោះស្រាយក៏ដូចជាស្ដារឡើងវិញ ក្រោយពេលកូវីដត្រូវបានបញ្ចប់ និងទឹកជំនន់ស្រកទៅវិញ ៕