ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា ដូចបងប្អូនប្រជាពលរដ្ឋ ដឹងស្រាប់ហើយថា ប៉ុន្មានថ្ងៃនេះ ភ្នំពេញនិងនិយាយដោយឡែក ភូមិសាស្ត្រមួយចំនួន ក្នុងខណ្ឌដង្កោ កំពុងជួប គ្រោះមហន្តរាយ ទឹកជំនន់ ខណៈពេលអាជ្ញាធរនិងកងកំលាំងចម្រុះ រួមទាំងទាហានជើងទឹក នៃបញ្ជាការដ្ឋានកងទ័ព កំពុងខិតខំទាំងយប់ទាំងថ្ងៃជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព មានជនមួយចំនួន បានបំប៉ោងព័ត៌មាន ដែលថាមានការរួចសត្វក្រពើ ទំហំប៉ុននេះទំហំប៉ុននោះ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នាំអោយមានការភ័ន្តច្រលំ និងភ័យខ្លាចពី ប្រជាពលរដ្ឋមួយចំនួន។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់តាមគេហទំព័រហ្វេសប៊ុក នៅរាត្រីនេះថា«ខ្ញុំសូមបញ្ជាក់សារ ជាថ្មីថា ពុំមានការរួចសត្វក្រពើ មកទីសាធារណៈឡើយ គ្រាន់តែមានក្រពើមួយក្បាល បានរួចចេញពីទ្រុង សំណាញ់ទីមួយ ប៉ុន្តែស្ថិតនៅក្នុងបរិវេណ កសិដ្ឋានដែលអាចគ្រប់គ្រង និងការពារបានផងដែរ។
បន្ថែមជាងនេះ សូមបុគ្គលមួយចំនួន ដែលខិតខំបំប៉ោង និងចែកចាយព័ត៌មាន ឬបំប្លែងជាការលេងសើច ដោយប្រើប្រាស់រូបភាពកាត់ត លើករណីសត្វក្រពើនេះ ហាក់មិនយល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋដទៃទៀត ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ចគ្រប់គ្នា។
ជាចុងក្រោយ ខ្ញុំបាទក៏សូមអភ័យទោស ចំពោះការបញ្ជាក់ព័ត៌មាន បឋមថា កសិដ្ឋានចិញ្ចឹមក្រពើ បានបិទទៅហើយ បន្ទាប់ពីទទួលបានការបំភ្លឺ ពីមូលដ្ឋានថ្នាក់ក្រោម ពុំច្បាស់លាស់» ៕