ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងក្ដីសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា ខ្មែរយើងនឹងជំនះ បាននូវបញ្ហាគ្រោះទឹកជំនន់ និងជំងឺកូវីដ១៩ ហើយរួមគ្នាស្ដារឡើងវិញ នូវប្រទេសជាតិរបស់យើង។
ក្នុងឱកាសអញ្ជើញ ទៅកាន់តំបន់រងគ្រោះ ដោយជំនន់់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា “ខ្ញុំសង្ឃឹមជឿជាក់ថាខ្មែរយើងនឹងជំនះ បាននូវឧបសគ្គ ដែលនៅចំពោះមុខយើង។ យើងបន្តរួមគ្នាប្រយុទ្ធនឹង ជំងឺកូវីដ១៩ ផង រួមគ្នាប្រយុទ្ធជាមួយគ្រោះមហន្តរាយ ធម្មជាតិ ជាទឹកជំនន់ផង និងរួមគ្នាស្ដារឡើងវិញ នូវប្រទេសជាតិ របស់យើងក្រោយទឹកជំនន់ និងក្រោយកូវីដផង” ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការងារជាអាទិភាព របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ថ្នាក់ ក្នុងពេលនេះគឺ ត្រូវសង្គ្រោះប្រជាពលរដ្ឋឱ្យចេញផុត ពីតំបន់រងគ្រោះ ជាមុនសិន។
សម្ដេចតេជោ ថ្លែងថាអ្វីដែលហៅថាការប្រែប្រួលអាកាសធាតុ វាលំបាកណាស់ ។ ការខូចខាតដោយគ្រោះទឹកជំនន់ មិនទាន់បានបូកសរុបនៅឡើយទេ ព្រោះអាទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ក្នុងពេលនេះគឺត្រូវ សង្គ្រោះ ប្រជាពលរដ្ឋឱ្យចេញ ផុតពីតំបន់រងគ្រោះជាមុនសិន នេះជាបញ្ហាសំខាន់ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះ អាជ្ញាធរគ្រប់លំដាប់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ ប្រជាពលរដ្ឋទាន់ពេលវេលា និងអរគុណសប្បុរសជននានា ដែលបានចូលរួម វិភាគទានជាថវិកា ដែលមកដល់ពេលនេះមាន ចំនួនជាង៦លានដុល្លារ អាម៉េរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង៕