ភំ្នពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រមូលវត្ថុតាងកសាងសំណុំរឿង រួមនិងជនសង្ស័យ៤នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀន ទម្ងន់ ២១០៦គីឡូក្រាម ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ ដែលមានតម្លៃ១០លានដុល្លារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ នាយឧត្ដនសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំផ្ទាល់ពី នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរឆ្លងដែន និងរក្សាទុកកែឆ្នៃគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ។
កិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ព្រមទាំងមានការសម្របសម្រួលដឹកនាំពី ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តព្រះសីហនុ បានដំណើរការស្រាវជ្រាវ បង្ក្រាប ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ពីប្រទេសឡាវ ឆ្លងកាត់ប្រទេសកម្ពុជា ទៅប្រទេសចិន(តៃវ៉ាន់) បង្ក្រាបគោលដៅចំនួន ៧ផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ ៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ៖
១.ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិតៃវ៉ាន់លេខ 05196333 (អ្នកបញ្ជាការដឹកជញ្ជូន)
២.ឈ្មោះ ចាង ឈិជឺ (Zhan Qi Zhi) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 313641977 (អ្នកដឹកជញ្ជូន)
៣.ឈ្មោះ យ៉ូវ យ៉ាវជុង (YU Yao Tsung) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 352875960 (អ្នកដឹកជញ្ជូន)
៤.ឈ្មោះ ឈិន ប៉ាវជីន (Chen Pao Jiun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ លិខិតឆ្លងដែនគ្មាន (អ្នកដឹកជញ្ជូន)
ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ វូ ឈីសុន (WU Chi Hsun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 303650596 បានកាន់គ្រឿងញៀន លួចសំរូតតាមបង្កាន់ដៃអាគារ ហើយធ្លាក់បណ្ដាលអោយស្លាប់ ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចចាប់យកបានវត្ថុតាងរួមមាន ៖
– គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់: ១៨៩គ.ក្រ ៥៨០ក្រាម ។
– រថយន្ត ២គ្រឿង ទួរស័ព្ទដៃ ១០គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមរយៈការពន្លាតករណីនេះ យើងបានស្រាវជ្រាវរកឃើញ ករណីរក្សាទុក និងប៉ុនប៉ង ផលិតកែច្នៃគ្រឿងញៀន ដែលពាក់ព័ន្ធករណីដែលបានបង្ក្រាបរួចហើយ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ ។
លទ្ធផលឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។
វត្ថុតាងចាប់យករួមមាន ៖ -គ្រឿងញៀនប្រភេទកាទីណូន (Methcathinone) ចំនួន ៧៦បាវ ស្មើទម្ងន់ ១៩០០គីឡូក្រាម -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩,៩៤ក្រាម ។ -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ២,៣៦ក្រាម ។ -គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី អឹមឌីម៉ា (MDMA) ទម្ងន់ ២៦៧៥,៦០ក្រាម ។
-គ្រឿងញៀនកេតាមីន (Ketamine) ទម្ងន់ ៦២០,៩៩ក្រាម -គ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ទម្ងន់ ១៣២៧៥ ក្រាម -សារធាតុគីមីប្រភេទ ភីអឹមខេ (អឹមឌីភីធូភី) មេទីលគ្លីស៊ីដេត PMK(MDP2P) Methyl Glycidate ចំនួន២៤បាវ ស្មើទម្ងន់ ៦០០ គីឡូក្រាម (តារាង៤)
-សារធាតុផ្សំ អេតាណុល ៣៧កាដុង ស្មើទម្ងន់ ៧០៣ គីឡូក្រាម
-សារធាតុផ្សំ ០៤កញ្ចប់ ទម្ងន់១០គីឡូក្រាម (មិនច្បាស់លាស់)
-សារធាតុផ្សំ កាហ្វេអ៊ី ទម្ងន់ ១០០៣,៩៤ក្រាម
-សារធាតុផ្សំ DEXTROSE ទម្ងន់២៤៤,៧៦ក្រាម ។
-ម៉ាកស៊ីនផលិតកែច្នៃ ០១ឈុត ។
សរុបវត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀន ទម្ងន់ ២១០៦ គ.ក្រ ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គ.ក្រ ដែលសរុបជាទឹកប្រាក់ មានតម្លៃ១០លានដុល្លារ ។
ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ និងសហការជាមួយសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជាមេខ្លោង ៕