លោក លឹម គានហោ អំពាវនាវឲ្យពលរដ្ឋ រស់នៅតាមបណ្តោយ សណ្តទំនប់ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម បង្កើនការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកបន្តហក់ឡើង

0

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តទំនប់ ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម ប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:បន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ខណៈកម្ពស់ទឹកនៅតែបន្តហក់ឡើង។

យោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះលោក លឹម គានហោ អមដំណើរដោយរដ្ឋលេខាធិការ លោកអនុប្រធានអាជ្ញាធរទន្លេសាប លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញ ក្នុងតំបន់ប្រឈមនឹង ជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បានចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពទឹក ដើម្បីសម្រួលលំហូរ បរិមាណជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងត្រៀម លក្ខណ:កែលម្អបន្ថែម ជាមុននឹងចាប់ផ្តើមអនុវត្តគម្រោង ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅរាជធានី-ខេត្តទាំង៣ខាងលើ នាពេលដ៏ខ្លីខាងមុខ ។

ក្រសួងធនធានទឹក បញ្ជាក់ថា “ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺកម្ពស់ទ្វារទឹកទំនប់អាង៧មករា មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៤ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៩,៤៥ម៉ែត្រ ។ កម្ពស់ទឹកនេះធៀបនឹងព្រឹកមិញ បានកើនកម្ពស់ទឹក ០,២០ម៉ែត្រ បន្ថែម ដោយសារមានការបើកទ្វារទឹកនៅសំណង់ទ្វារទឹកលាំងជ្រៃ នៃខេត្តកំពង់ស្ពឺ”។

សកម្មភាពក្រុមការងារ ក្រសួងកំពុងអន្តរាគមន៍ រួមមាន ៖

– ពិនិត្យ និងតាមដានស្ថានភាពលំហូរទឹកតាមច្រកទ្វារទឹកអាង៧មករា ច្រកទ្វារទឹកទឹកថ្លា ទំនាបផ្លូវជាតិលេខ៣ និងតាមបណ្តោយសណ្តរទំនប់ស្ទឹងព្រែកត្នោត
– បិតភ្ជិតរូងនាគ និងលើកបាវខ្សាច់លើកកម្ពស់ទំនប់នៅសណ្តរផ្នែកខាងជើង ក្នុងសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ
– ដាក់កម្លាំងក្រុមការងារអន្តរាគមន៍ក្រសួងនៅចំនួន ០៤ទីតាំង តាមសណ្តរទំនប់
– លៃតម្រូវកម្ពស់ទ្វារទឹកសំណង់ទ្វារអាងទឹក៧មករា និងសំណង់ទ្វារទឹករលាំងជ្រៃ ដើម្បីសម្រួលបរិមាណលំហូរជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ឲ្យមានតុល្យភាព បន្ថយល្បឿនទឹកហូរបុកខ្លាំង ។

ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវ ដល់សូមបងប្អូនប្រជាពលរដ្ឋរស់នៅ តាមបណ្តោយ សណ្តទំនប់ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម មេត្តាបន្តប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:បន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ។

សូមរំលឹកថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី១៣ ខែតុលាបានដាក់បញ្ជា ឱ្យមានការបិទផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន ក្រោយទំនប់ស្ទឹងព្រែកត្នោត ត្រូវបានបាក់ ដោយជំនន់ទឹកភ្លៀង៕