ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ សៀង សីហា ដែលល្បីល្បាញ ខាងឆបោកប្រាក់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា ចំនួនជាង ២៤ម៉ឺនដុល្លារអាមេរិក ត្រូវបានសមត្ថកិច្ច នាពេលថ្មីៗនេះ ក្រោយគេចខ្លួនពួនអាត្មា អស់រយៈពេលជិត ២ឆ្នាំ ។
ប៉ុន្តែ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅឃុំក្នុងពន្ធនាគារ បែរជាលេចឮព័ត៌មានថា ជើងខ្លាំងខាងឆបោករូបនេះ កំពុងរត់ការសុំដោះលែងឲ្យ នៅក្រៅឃុំបណ្តោះអាសន្នទៅវិញ ។
តាមប្រភពព័ត៌មាន ដែលទើបទទួលបាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានអោយដឹងថា ជើងខ្លាំងខាងឆបោកឈ្មោះ សៀង សីហា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង ត្រូវបាន លោក ហម ម៉េងសែ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
ជើងខ្លាំងខាងឆបោកឈ្មោះ សៀង សីហា ត្រូវបានលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួនតាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ តែទើបចាប់ខ្លួនបាន នាពេលថ្មីៗនេះ ។
តាមប្រភពព័ត៌មាន ដដែល បានអោយដឹងថា ជើងខ្លាំងខាងឆបោកឈ្មោះ សៀង សីហា បានជំពាក់ប្រាក់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា ថ្លៃទិញបេតុងសរុបចំនួនជាង២៤ម៉ឺនដុល្លារ ។ លុះក្រោយមក ឈ្មោះ សៀង សីហា បានចេញមូលប្បទានប័ត្រធនាគារ ស៊ីអាយអិបប៊ី ភីអិលស៊ី ជាច្រើនសន្លឹក អោយទៅក្រុមហ៊ុន ស៊ីផិក ខេមបូឌា ជាការទូទាត់សងប្រាក់ តែមូលប្បទានប័ត្រ នេះ មិនអាចបើកប្រាក់បានទេ ដោយខាងធនាគារ បានចេញលិខិតបញ្ជាក់ថា «សែកនេះគ្មានសាច់ប្រាក់ នោះទេ»។
យោងលើអំពើនេះ ហើយ ទើបតុលាការសម្រេចចោទប្រកាន់និងចេញដីកាចាប់ខ្លួនឈ្មោះ សៀង សីហា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់ ៕