ភ្នំពេញ៖ ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឲ្យមានការលិចលង់ខ្លាំងឡើងៗនោះ ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះអាងចិញ្ចឹមក្រពើមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកអធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយក្រុមប្រឹក្សា និងលោកមេភូមិព្រែកសំរោង៣ ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើ ដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ រួចពិនិត្យឃើញថា នៅជុំវិញនៃទីតាំងមានរបងព័ទ្ធជុំវិញ មានកំពស់ ៣ម៉ែត្រ ហើយក្នុងអាងចិញ្ចឹមក្រពើ មានរៀបឥដ្ឋកំពស់ ៣,៥ម៉ែត្រ ដែលមិនអាចឱ្យសត្វក្រពើចេញរួចបានឡើយ។
បន្ទាប់មកសមត្ថកិច្ចបានណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងឈ្មោះ ឡុច ប៊ុនថេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឱ្យមានការប្រប្រយ័ត្នខ្ពស់ការពារ កុំឱ្យសត្វក្រពើចេញរួចពីបរិវេណ ដែលខ្លួនចិញ្ចឹមជាដាច់ខាត និងត្រូវរាយការណ៍ជាប្រចាំ មកសមត្ថកិច្ចមូលដ្ឋានបើមាន សភាពការណ៍ផ្សេងៗកើតឡើង ពេលជំនន់ទឹកភ្លៀងកើនឡើង ៕





