ជំនន់ស្ទឹងព្រែកត្នោត បន្ដវាយប្រហារផ្ទះពលរដ្ឋជិត​ ៨០០គ្រួសារ ក្នុងខណ្ឌដង្កោ ខណៈអាជ្ញាធរកំពុងជួយសង្គ្រោះ

0

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត កាន់តែជន់ឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានជន់លិចភូមិឋាន របស់ប្រជាពលរដ្ឋប្រមាណជិត ៨០០គ្រួសារ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ។ នេះបើយោងតាម AKP ។

ក្នុងឱកាសចុះពិនិត្យ សណ្ដស្ទឹងព្រែកត្នោត ក្នុងសង្កាត់ទៀន, សង្កាត់គងណយ ខណ្ឌដង្កោ នៅថ្ងៃទី១៣ តុលា លោកអភិបាលរាជធានី បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្ដែងរហូតមកដល់ម៉ោងនេះ សង្កាត់ចំនួន ៧ហើយ ក្នុងចំណោមសង្កាត់ទាំង ១២របស់ខណ្ឌដង្កោ ដែលត្រូវបានលិចលង់ដោយទឹកជំនន់ គិតត្រឹមវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋ ៧៧១គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

វិធានការចំពោះមុខដើម្បីទប់ស្កាត់ ស្ថានភាពជន់លិចនេះលោក ឃួង ស្រេង បានបញ្ជាឱ្យចាក់ដីទប់ តាមសណ្ដស្ទឹងព្រែកត្នោត ជាបណ្ដោះអាសន្នសិន។ ក្នុងឱកាសនោះលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងព្រែកត្នោតកាន់តែ ហក់ឡើងខ្ពស់ពីមួយនាទី ទៅមួយនាទី មិនទាន់ថយចុះឡើយ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ច និងអាជ្ញាធរត្រៀមលក្ខណៈ ចេញជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។

បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអភិបាលខណ្ឌដង្កោ ចុះចលនាប្រជាជនតាមភូមិ ចូលរួមលើកដី ធ្វើជាទំនប់ទប់ទឹក នៅតាមសណ្ដស្ទឹងព្រែកត្នោតនេះផងដែរ ។ ពិសេសអ្នកមានដីតាមដងស្ទឹង ចូលរួមចែករំលែកជួយជាគ្រឿងចក្រកាយដី ដើម្បីលើកជាទំនប់ការពារ ទឹកហូរចូលភូមិឋានផ្សេងទៀត។

លោកបានបន្ដទៀតថា ពាក់ព័ន្ធស្ថានភាពទឹកស្ទឹងព្រែកត្នោតនេះ លោក លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាលើការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តស្ទឹង ព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយ ជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ស្ថានភាពទឹកនៅទ្វារទំនប់អាងទឹក៧មករា ព្រឹកនេះទឹកមានកម្ពស់ ៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្រ បន្ថែម លើសកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើ នឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។ ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ ២៤ម៉ោង ជាពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំ អន្តរាគមន៍រហូតគ្រប់គ្រងសភាពការណ៍ ស្ថានភាពទឹកជំនន់ដែលកំពុងយាយី បានទាំងស្រុងមកវិញ ៕