ពលការិនីម្នាក់ ដែលចាញ់បោកមេខ្យល់ ទៅធ្វើការនៅប្រទេសចិន ត្រូវបានរកឃើញហើយ

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ បានបញ្ជាក់ឲ្យដឹងថា ពលការិនីម្នាក់ ដែលបានធ្វើវីដេអូឃ្លីបបង្ហោះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោក ឲ្យទៅធ្វើការងារនៅឯប្រទេសចិន អស់ជាងពីរឆ្នាំ ដោយរងទុក្ខលំបាក និងស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ ដើម្បីបានវិលត្រឡប់មក ប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានស្រាវជ្រាវ រកឃើញអត្តសញ្ញាណ និងកន្លែងស្នាក់ នៅឯប្រទេសចិននោះហើយ និងត្រូវបានអន្តរាគមន៍ រំដោះឲ្យមកស្នាក់នៅ បណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុល ប្រចាំទីក្រុងសៀងហៃ ដើម្បីរង់ចាំរៀបចំបំពេញ បែបបទ បញ្ជូនត្រឡប់មកកម្ពុជាវិញ នៅចុងខែតុលា ឆ្នាំ២០២០ នេះ។

លោកបានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញ បានទទួលព័ត៌មាន ពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុក ឈ្មោះ រីណា រីណា ដែលបានបង្ហោះ ជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោក មេខ្យល់ ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។

អនុវត្តបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងសេនាធិការ និងមតិចង្អុលដឹកនាំ ពីឯកឧត្តម អគ្គស្នងការរងទទួលផែនយុត្តិធម៌ នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាត់មន្ត្រីជំនាញចូលទំនាក់ទំនង ក្នុងគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដោយស្នើសុំផ្ដល់ព័ត៌មាន អំពីអាសយដ្ឋាន ដែលនាងកំពុងស្នាក់នៅ ប្រទេសចិន និងសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនង នៅប្រទេសកម្ពុជា និងដោយទទួលបាន កិច្ចសហការល្អបំផុត ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខាធិការដ្ឋាន ក្រុមការងារសហប្រតិបត្តិ ការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ ទើបដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបាន ផ្ដល់ព័ត៌មានមកថា ស្ថានអគ្គកុងស៊ុល នៃព្រះរាជណាចក្រកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានធ្វើកិច្ចសហការជាមួយ សមត្ថកិច្ចចិន ជួយសង្គ្រោះម្ចាស់គណនីយហ្វេសប៊ុក ឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំង ប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី ១៦/០៥/១៩៩៤ មានស្រុកកំណើតនៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម៕