ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង០៩ និង ០៣ នាទីនៅចំណុចភូមិ ត្រាច ឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ចន្លោះគីឡូម៉ែត្រ ២២៣_២២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងគោយន្តកែច្នៃ និងម៉ូតូ និង គោយន្ដកន្រ្ដៃមួយគ្រឿងទៀត បណ្ដាលឱ្យស្លាប់ មនុស្សប្រុស០២នាក់ និង របួសធ្ងន់០១នាក់ប្រុស ។
យោងតាមរបាយការណ៍ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖
១.ម៉ូតូម៉ាកហុងដា ពណ៍ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរ ដោយឈ្មោះ រ៉ន រ៉ូយ ភេទ ប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅ ភូមិ តាទ្រៀល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព ។
២.អ្នករួមដំណើរជាមួយម៉ូតូ មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់ បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្ទោង បានប្រហែលកន្លះម៉ោង ក៏ស្លាប់(មានពាក់មួកសុវត្ថិភាព) ។
៣.អ្នកបើកបរគោយន្តកែច្នៃ មិនស្គាល់អត្តសញ្ញាណរត់ គេចខ្លួនបាត់ ។
៤. អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ហាក់ សុខហេង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ ត្រាច ឃុំកំពង់ចិនជើង ស្រុក ស្ទោង ខេត្តកំពង់ធំ (បើកពីកើតទៅលិចឆ្លងកាត់ផ្លូវ របួសធ្ងន់) ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់អំពីមូលហេតុ គឺបង្កដោយ គោយន្តកន្ត្រៃ ដែលបានបើកឆ្លងកាត់ផ្លូវ ពីកើតទៅលិច ហើយទៅបុកម៉ូតូ ដែលបើកពីជើងទៅត្បូង ស្របពេល គោយន្ត កែច្នៃមកដល់ ក៏បុកជាមួយគោយន្តកន្ត្រៃ០១ គ្រឿង។ ជនរងគ្រោះរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យ បង្អែកស្រុកស្ទោង ចំពោះសព បានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយក វត្ថុតាង មករក្សាទុកនៅអធិការដ្ឋាន ននគរបាលស្រុកស្ទោង ៕