ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សប្រជាជនយុវជនកម្ពុជា នៅរំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលជាក់ស្ដែង ពីស្ថានភាពជំនន់ទឹកភ្លៀង ក្រោយទទួលបានដំណឹងថាបាក់ទំនប់សណ្ដរស្ទឹងព្រែកត្នោត ។
សូមបញ្ជាក់ផងដែរថា ការបាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ នឹងបណ្ដាលអោយ ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ។
ជាមួយគ្នានោះក្រោមការបញ្ជាផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីអន្តរាគមន៍ទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដេីម្បីចេញប្រតិបត្តិការជួយ សង្គ្រោះប្រជាពលរដ្ឋក្នុងករណីប្រឈម និងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ជាពិសេសទីតាំង ដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង នៅស្ទឹងព្រែកត្នោត ខណ្ឌដង្កោ ៕