ក្ដៅ! ស្ថានភាពជំនន់ទឹកភ្លៀង នៅទំនប់ស្ទឹងព្រែកត្នោត ឈានដល់ការប្រកាសអាសន្ន

0

ភ្នំពេញ៖ គិតត្រឹមម៉ោង ១៨:៤០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពជំនន់ទឹកភ្លៀង នៅទំនប់ស្ទឹងព្រែកត្នោតហក់ឡើងដល់កម្ពស់ ៦,៣៤ ម៉ែត្រហូរលើ ទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ឈានដល់ការប្រកាសអាសន្នហើយ។ នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០នេះ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារចុះពិនិត្យ និងបញ្ជាការងារអន្តរាគមន៍ នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមនឹងជំនន់ ទឹកស្ទឹងព្រែកត្នោត ។

ក្រសួងបញ្ចាក់ថា ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជន់ជំនន់ ស្ទឹងព្រែកត្នោត ដោយសារបរិមាណទឹកហូរខ្លាំង មកពីផ្នែកខាងលើចូល ក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះ លើសពីកម្រិត ៧២,៨០ មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ បណ្តាលឲ្យកម្ពស់ទឹក នៅទំនប់អាងទឹក៧មករា ឡើងខ្ពស់កម្ពស់អតិបរមា កាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹក ខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូរលើ ទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាង កម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ដែលមានកម្ពស់ទ្វារទឹកមុខត្រឹម ៥,៨៥ ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រ ប៉ុណ្ណោះ ។

គិតចាំពីពេលថ្ងៃត្រង់មកដល់ពេលនេះ កម្ពស់ទឹកបានហក់ឡើង ០,៣០ម៉ែត្របន្ថែម ធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់(ដែលបានច្រកបាវខ្សាច់លើកកម្ពស់ ០,៤០-០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹកទៅហូរលើពីបាវខ្សាច់ ហូរចុះទៅផ្នែកខាងក្រោមជាបណ្តើរៗ ហើយ ។

ជាការអំពាវនាវ របស់ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅ តាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ: ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង តាមសណ្តរស្ទឹងព្រែកត្នោតនេះ ៕