ភ្នំពេញ៖ កម្លាំងជំនាញកំពុងស្រាវជ្រាវ រកមុខម្ចាស់ហ្វេកបុកផេកឈ្មោះ មេទ័ពក្រមុំ ដែលបានយកព័ត៌មាន ចាស់តាំងពីឆ្នាំ២០១៣ យកមកចុះផ្សាយ ក្នុងគោលបំណងអាក្រក់ ដែលមានចេតនាធ្វើឲ្យ ប្រជាលរដ្ឋមានការយល់ច្រឡំ បំពុលបរិយាកាសសង្គម ក៏ដូចបង្ខូចកិត្តិយសរបស់ សមត្ថកិច្ចនគរបាលជាតិ ។
យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះរូបភាពចាស់តាំងពីឆ្នាំ២០១៣ ដែលបានយកមកបង្ហោះឡើងវិញ នៅលើហ្វេសបុកផេកឈ្មោះ មេទ័ពក្រមុំ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានសរសេរថា «តោះចុចស៊ៃម្នាក់១ ទុកមើលលេង តើស្រុកខ្មែរសំបូរ ទៅដោយចោរស្របច្បាប់ ដែរប្ញទេ? ថ្នាក់លើសែ្រកមិនឲ្យដាក់ប៉ារ៉ាស់ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមឳវាទរបស់ខ្លួន រត់ដេញស្ទាក់ចាប់ ម៉ូតូ-ឡាន ប្រជាពលរដ្ឋពាសពេញដងផ្លូវ ដោយគគ្លឺន មិនខ្លាចពលរដ្ឋបុកស្លាប់ទេ បំពានច្បាប់ទាំងគគ្លឺន» ។
ចំពោះករណីនេះ ជាករណីចាស់ កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ នៅពេលនោះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ឈរជើងប្រចាំការនៅស្តុបសាលដឺហ្គោល បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ១២កៅអី ពណ៌ស ផ្លាកលេខភ្នំពេញ ២Q-៦៥២១ ដែលបើកបរចេញពីផ្សារថ្មី ទិសដៅទៅខាងលិច (ដល់ស្តុបសាលដឺហ្គោល) បានបត់ទៅឆ្វេងចូលមហាវិថីព្រះមុនីវង្ស តែគាត់មិនបានឈប់ភ្លើងស្តុបពណ៌ក្រហម ទើបកម្លាំងចរាចរណ៍ធ្វើការឃាត់ ។
ក្នុងករណីនេះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងភាគីខាងអ្នកបើកបររថយន្ត បានជជែកតវ៉ាគ្នានៅគោលដៅ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងមិនមានលទ្ធផល បន្ទាប់មកកម្លាំងនៅគោលដៅប្រចាំការ ក៏បានសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីនាំយករថយន្តខាងលើនេះ មករក្សាទុកនៅស្នាក់នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសម្របសម្រួល ដោះស្រាយ និងពន្យល់ណែនាំអំពីកំហុសរបស់គាត់ ដែលបានបើកបរល្មើសភ្លើងស្តុបចរាចរណ៍ និងបើកចំហផ្នែកខាងក្រោយ ។
ក្រោយពីមានការពន្យល់ ណែនាំពីសមត្ថកិច្ចរួច ម្ចាស់រថយន្តក៏ព្រមទទួលស្គាល់កំហុស ហើយក៏បានបង់ប្រាក់ពិន័យតាមច្បាប់ផងដែរ ៕