ភ្នំពេញ៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានរឿងអាស្រូវ ទាក់ទងញោមស្រីៗ ផ្អើលអ្នកលេងបណ្ដាញសង្គម កាលពីកន្លងទៅ ពេលនេះបានលាចាកសិក្ខាបទហើយ ។
យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ភិក្ខុ ឡុង ចន្ថា បានសរសេរថា «ថ្ងៃអង្គារ៍ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ សូមទូលប្រគេន នឹងជំរាបញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុង ចន្ថា បានលាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺព្រះរស់របស់ខ្ញុំទាំងទ្វេរ ។ សូមអរព្រះគុណ និងសូមអរគុណ» ។
គួររំលឹកថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសម្រេចមិនឲ្យ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ស្ថិតនៅក្នុងភេទជាបុព្វជិត ក្នុងសាសនាបន្តទៀតបានឡើយ ។
សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ថា «សូមព្រះមេគណទូទាំងប្រទេស កុំផ្តល់អាវាសដល់បុគ្គលរូបនេះ ឲ្យស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។ ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការឲ្យលាចាកសិក្ខាបទ តាមកិច្ចសន្យារបស់ខ្លួន ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។
គណៈសង្ឃនាយក បានឃើញថា ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួន ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យ ក្នុងអតីតកាលជាច្រើន លើកច្រើនសារមកហើយ ។
ភិក្ខុ ឡុង ចន្ថា ជាបុគ្គលមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចអោយស្ថិតនៅក្នុងភេទ ជាបុព្វជិតក្នុងសាសនា បន្តទៀតបានឡើយ ៕