ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល អត្តលេខ៧១៩១០ ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយក ។
ចំពោះមូលហេតុនៃ ការបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ឯក តាត និមល ពុំត្រូវបានបញ្ជាក់នោះទេ ។ ជាការកត់សម្គាល់ លោកឧត្តមសេនីយ៍ឯក តាត និមល ក៏មានតួនាទីជាមេធាវី ពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈផងដែរ ដោយមានអត្តលេខ៥៩២ ។
សូមរំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំមួយ ស្តីពី «វិសមិតភាពក្នុងការ បំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈមេធាវី របស់មន្ត្រីរាជការក្រសួងមហផ្ទៃ» ផងដែរ ។
ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មន្ត្រីរាជការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈដែលខ្លួនកំពុង បំពេញមុខងារសាធារណៈ ដោយស្ថានភាពមន្ត្រីរាជការបែបនេះ ផ្ទុយនឹងបទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ៕





