សាហាវព្រៃផ្សៃម្ល៉េះ! ថៅកែស្រីរូបស្រស់ យកវែកសម្លវាយកូនឈ្នួល បែកក្បាលជាច្រេីនលេីក

0

ភ្នំពេញ៖ ពិតជាឃោរឃៅមែន ដែលថៅកែស្រីប្រេីសុទ្ធតែវែកសម្លវាយ ធ្វេីបាបឈ្មួលបម្រេីជាអនីតិជន ជាច្រេីនលេីកច្រេីនសារ តែទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

កម្លាំងការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានបញ្ជូនថៅកែស្រីរូបនេះ មកតុលាការខេត្តកណ្តាល ដេីម្បីចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកណ្តាល។

សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យឈ្មោះដាំង រស្មី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាមេផ្ទះ ។

ចំណែក ជនរងគ្រោះឈ្មោះ ផាត សុរីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រេីនៅតាមផ្ទះ មានស្រុកកំណើតនៅភូមិ អូរអង្គរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ និង បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងមានឪពុក ឈ្មោះសោម ផាត អាយុ៤២ ឆ្នាំ មុខរបរកសិករ និងមា្តយឈ្មោះ សន សុក អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ច បន្តថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មីងបង្តើតរបស់ជនរងគ្រោះ គឺ ឈ្មោះសុខ ស្រី មុំ បាននាំជនរងគ្រោះមកធ្វើការជាអ្នកបម្រេីនៅផ្ទះរបស់ជនសង្ស័យ ឈ្មោះដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពេលដែលជនរងគ្រោះ មកធ្វើការជាអ្នកបម្រេីនៅផ្ទះថៅកែស្រី , ឈ្មោះ ដាំង រស្មី តែងតែប្រើអំពើឃោរឃៅ វាយដំមកលើជនរងគ្រោះរហូត គឺ យក វែកសម្ល វាយក្បាល វាយមុខ បណ្តាលអោយបែកហូរឈាម ពេលខ្លះទៀត បានកាបិតប៉័ងតោ វាយក្បាល និង ដាច់មុខ បណ្តាលអោយបែកហូរឈាម ជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬ ទិញថ្នាំអោយនាងលេបទេ ហើយបង្ខំអោយនាងធ្វើការងារផ្ទះ ទោះបីជានាង ឈឺក៏ដោយ ។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ថៅកែស្រីបានប្រើអោយយក កូនចានបបរ ស្លាបព្រា និងកែវមកអោយ តែយកមកមិនទាន់ចិត្ត ត្រូវបានថៅកែស្រី យកវែកសម្លវាយបែកចិញ្ចើមខាងស្តាំបែកហូរឈាម ។ ភ្លាមពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់ យកអាវ មកទប់ឈាម កុំអោយហូរ ។ លុះស្អែកឡើងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ថៅកែស្រី បានប្រើអោយនាង អាំងត្រី និងមើលសម្លដែលថៅកែស្រីរបស់នាងអោយមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីរបស់នាង បានយកវែកវាយចំចិញ្ចើម មុខខាងឆ្វេង បណ្តាលអោយបែកហូរឈាម ចំពីលើស្នាមកាំបិតចាស់ដែលថៅកែនាងធ្លាប់វាយ ហើយពេលនោះដែរថៅកែស្រីនាង បានប្រើអោយនាង មកទិញទឹកត្រី ទេីបនាងមានឱកាសក៏បានរត់ចេញហើយហៅម៉ូតូឌុបជិះអោយជូនមកស្ថានីយ៍វិទ្យុ ABC នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ អោយជួយ ប្រាប់ទៅម្តាយ ។

ពេលដែលបានឮព័ត៌មានតាមវិទ្យុABC ផ្សាយ កម្លាំងជំនាញសហការជាមួយនគរបាលក្រុងតាខ្មៅតាមបញ្ជរស្នងការ ព្រមទាំងបានសហការណ៍ជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាលនិងការិយាល័យសង្គមកិច្ច ក្រុង និង មន្ត្រីជំនាញមន្ទីរសង្គមកិច្ចបានចុះទៅដល់កន្លែងស្ថានីយ៍វិទ្យុABC និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងមកកាន់មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ធ្វើការសម្ភាសន៍សាកសួរជនរងគ្រោះហើយបាននាំជនរងគ្រោះទៅពិនិត្យរបួលស្នាម លើរាងកាយនិងការពិនិត្យផ្លូវភេទ ។

លុះក្រោយមក សមត្ថកិច្ច ក៏តាមឃាត់ខ្លួនថៅកែស្រីរូបនេះ បានតែម្តង ។

ជាការកត់សម្គាល់ ពេលសមត្ថកិច្ចបញ្ជូនជនសង្ស័យមកតុលាការ គឺ មិនបានដាក់ខ្នោះដៃនោះទេ ហេីយសាច់ញាតិខាងជនសង្ស័យជិះសុទ្ធតែឡានទំនេីបមកតុលាការ អមជាមួយ មិនដឹងគោលបំណងអ្វីឡេីយ ។

បញ្ហានេះ មជ្ឈដ្ឋានជាច្រេីន សង្ឃឹមថា តុលាការនឹងចាត់ការលេីថៅកែស្រីរូបនេះតាមផ្លូវច្បាប់ផង ៕