ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តចំនួន៣ នៃប្រទេសកម្ពុជា បណ្ដាលឲ្យផ្ទះសំបែង ស្រែចំកា របស់បងប្អូនប្រជាពលរដ្ឋ ត្រូវរងជន់លិច និងធ្វើមនុស្សចំនួន ៧នាក់ បានស្លាប់បាត់បង់ជីវិត ។
យោងតាមសេចក្ដីជូនដំណឹងរបស់ យោធភូមិភាគទី៥ នៅថ្ងៃទី១២ តុលានេះ បានឲ្យដឹងថា ផលប៉ះពាល់ដល់អាយុជីវិត របស់ប្រជាជនជុំវិញ ភូមិសាស្ត្រយោធភូមិភាគទី៥ ក្នុងពេលមានទឹកជំនន់រួមមាន៖
១.ខេត្តបាត់ដំបង ស្លាប់ ៣នាក់៖ នៅម៉ោង ៣រសៀល ថ្ងៃទី៩ តុលា ឈ្មោះ ឡុង ប៊ុនពេជ្រ ភេទប្រុស អាយុ២ឆ្នាំ បានលង់ទឹកស្លាប់ នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ នៅម៉ោង ៣រសៀល ថ្ងៃទី១០ តុលា ឈ្មោះ វឿន រ៉ាអ៊ុប ភេទប្រុស អាយុ១៥ឆ្នាំ បានលង់ទឹកស្លាប់ នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ នៅម៉ោង ១.៥០នាទីរសៀល ថ្ងៃទី១១ តុលា ឈ្មោះ សុខ ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ បានលង់ទឹកស្លាប់ នៅចំនុចអូរវ័រព្រេង ភូមិបុស្សីព្រះ ឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
២.ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់៖ នៅម៉ោង ២រំលោងអាធ្រាត ថ្ងៃទី១០ តុលា ឈ្មោះ លឹម គឿន ភេទប្រុស អាយុ៥៦ឆ្នាំ បានលង់ទឹកស្លាប់ នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅម៉ោង ៣រសៀល ថ្ងៃទី១០ ខែតុលា ឈ្មោះ គឹម ទៀង ភេទស្រី អាយុ១៨ឆ្នាំ បានលក់ទឹកស្លាប់ នៅភូមិប៉ាលិលេយ្យ ឃុំប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
៣.ខេត្តពោធិសាត់ ស្លាប់២នាក់៖ នៅម៉ោង ៨៖៣០នាទី យប់ថ្ងៃទី១០ តុលា ឈ្មោះ ជា មិញ ភេទប្រុស អាយុ៣៨ឆ្នាំ បានលង់ទឹកស្លាប់ នៅភូមិព្រៃ សង្កាត់លលកស ក្រុងពោធិសាត់។ នៅម៉ោង ៧យប់ ថ្ងៃទី១១ តុលា ឈ្មោះ សុង រក្សា អាយុ២១ឆ្នាំ បានលង់ទឹកស្លាប់ នៅភូមិស្ថាននីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ ។
សូមរំលឹកថា ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តចំនួន១០ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ១១ថ្ងៃមកហើយ គិតចាប់ តាំង ពី ថ្ងៃ ទី១ ដល់ ថ្ងៃទី១១ តុលា ជាពិសេសបានសម្លាប់មនុស្ស ១០នាក់ រួមទាំងកុមារផង ។ មូលហេតុនៃការស្លាប់ គឺដោយសារជំនន់ទឹកភ្លៀងធ្លាក់ មកយ៉ាងគំហុក រួមផ្សំនឹងទឹកហូរ កម្ពស់ទឹកហក់ឡើងលឿន ទើបបណ្ដាលឲ្យពលរដ្ឋលង់ទឹកស្លាប់បែបនេះ ។ ខេត្តទាំង១០ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង រួមមាន៖ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ភ្នំពេញ តាកែវ ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ជាដើម ៕


