មហាមិត្តចិន ប្រកាសផ្ដល់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ និងជំនួយ ១៤០លានដុល្លារ ដល់កម្ពុជា (Video)

0

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា រដ្ឋាភិបាលចិន នឹងផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជាជាមិត្តដែកថែប ព្រមទាំងផ្ដល់ជំនួយឥតសំណងចំនួន ៩៥០លានយាន់ (ប្រហែល ១៤០លានដុល្លារ) ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកទីប្រឹក្សារដ្ឋ វ៉ាង យី កាលពីថ្ងៃទី១១ តុលាម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើមិត្តចិន ជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុន COFCO របស់ចិន ដែលជារបាំងសម្រាប់ ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន ៤០០.០០០តោន ។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ភាគីមិត្តចិនបានយល់ព្រម ទិញស្វាយ (ដែលបានចុះអនុស្សារណៈរួចហើយ) និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់ ។ ឆ្លៀតឱកាសនេះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានលើកថា កន្លងមកមិត្តចិនបានទិញកសិផលយើង បានច្រើនមួយចំនួនហើយ ដូចជាចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទីជាដើម ខ្ញុំក៏បានស្នើមិត្តចិនជួយទិញ ឲ្យបានច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញៈ ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន។ល។

លើសពីនេះលោកឧបនាយករដ្ឋមន្ត្រី បានស្នើភាគីមិត្តចិនពិនិត្យលទ្ធភាព លើកទឹកចិត្តដល់វិនិយោគិនចិន ក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍កសិកម្ម។ លោក ក៏បានលើកករណីវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ ដែលអាចប្រើប្រាស់ជាផ្លូវការ និងស្នើភាគីមិត្តចិនផ្តល់វ៉ាក់សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតបលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានថ្លែងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនៈកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈកន្លងមក។ លោកថា ការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺដោយសារសម្ដេចតេជោ និងលោកឧបនាយករដ្ឋមន្ត្រី បានខិតខំកន្លងមក។

លោកបន្ថែមថា ក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំ ផែនការអភិវឌ្ឍរួមគ្នា។ វិនិយោគចិននៅកម្ពុជា មិនបានប៉ះពាល់ដោយ Covid-19 ទេ តែកាន់តែមានច្រើន។

លោកទីប្រឹក្សារដ្ឋចិន បញ្ជាក់ថា «ភាគីមិត្តចិនបានប្រគល់ នូវកំណត់ទូតអំពីជំនួយឥតសំណង សម្រាប់គម្រោងប្រញាប់ ក្នុងការអភិវឌ្ឍកម្ពុជាដែលមាន ទឹកប្រាក់ចំនួន ៩៥០លានយាន់ (ប្រហែល ១៤០លានដុល្លារ) ។ ហើយចិននឹងផ្ដល់វ៉ាក់សាំង ប្រឆាំងនឹង Covid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប» ។

លោក បានសន្យា នាំចូលកសិផលកម្ពុជាថែមទៀត ដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ លោក វ៉ាង យី ក៏បានលើកសរសើរសម្ដេចតេជោ ដែលបានទប់ស្កាត់Covid-19 បានជោគជ័យ ៕