ភ្នំពេញ៖ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។
មូលហេតុនៃការបិទដំណើរការអាជីវកម្មទាំងស្រុង នេះ ត្រូវបានគណៈគ្រប់គ្រង នៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុក ជាច្រើនខែកន្លងមកនេះ ។
ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ។
ជាមួយគ្នានេះ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ៕


