អាណោចអាធមណាស់! យុវតីស្រស់ស្អាតម្នាក់ រអិលជើង​ធ្លាក់ប្រឡាយ​​លង់ទឹកស្លាប់

0

ភ្នំពេញ៖ យុវតីម្នាក់បានរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងអំឡុងជំនន់ទឹកភ្លៀង ហើយត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ រុករកឃើញសាកសព កាលពីវេលាម៉ោង០៧៖១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា សាកសពយុវតីរងគ្រោះ មានឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ ជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ជំនាញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សាមករៀននៅសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់ ជំនាញគណនេយ្យវិញ។

សមត្ថកិច្ចបានបន្តថា នាវេលាម៉ោង០៤៖០០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីលង់ទឹកស្លាប់ ដោយសារយុវតីរងគ្រោះខាងលើ ដើរបណ្តើរមើលទូរស័ព្ទបណ្តើរ មិនបានមើលមុខបណ្តាលឱ្យខុសផ្លូវ ធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់តែម្តង។

សាកសពក្រោយបានរកឃើញ ត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា នេះជាករណីទី១ហើយ បន្ទាប់ពីខេត្តពោធិ៍សាត់ បាននឹងកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ នូវជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ច បានអំពាវនាវយ៉ាងទទួច ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជម្លៀងប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពជាមុន ជៀសវាងគ្រោះអាសន្នមកដល់ ជួបនូវការលំបាកក្នុងការដឹកជញ្ជូន៕