ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត នៃប្រទេសកម្ពុជា មានទឹកជំនន់ ដោយសារទឹកភ្លៀង នោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានចោទសួរថា អ្វីទៅដែលមានសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់ បណ្តាលមកពីទឹកភ្លៀង?
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សុខ ទូច នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានសរសេរថា ពេលនេះទើបដឹងថា អ្វីទៅដែលមានសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង រួមមាន ៖
ទី១-សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ។
ទី២-ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឲ្យបានជ្រៅល្អ។
ទី៣-ស្រះត្រូវតែមានតាមភូមិក៏ដូចតាមវត្តដែរ។
ទី៤-កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឲ្យស្ទះចរន្តទឹក ក៏ដូចជា គ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់។
ទី៥-សូមប្រជាពលរដ្ឋទាំងអស់គ្នាជួយថែរក្សា សម្បត្តិទាំងនេះជារបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
និងទី៦-កុំចង់មានតែមួយជំនាន់ ហើយក្រតជំជាន់៕