ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍ នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចក្រឡាហោមបានសរសេរ យ៉ាងដូច្នេះថា «ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាន ធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ជាពិសេសនៅតាមបណ្ដាខេត្ត ភាគពាយ័ព្យប្រទេស ខ្ញុំសូមណែនាំ ឯកឧត្តម លោកជំទាវ បន្តយកចិត្តទុកដាក់ជាអាទិភាពបំផុត លើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ។ »
សម្ដេចក្រឡាហោមបញ្ជាក់ថា «នៅក្នុងស្ថានភាពនេះ ការធ្វើចរាចរណ៍ នៅតាមដងផ្លូវ ដែលមានការជន់លិច ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត បងប្អូនប្រជាពលរដ្ឋ ហេតុដូច្នេះ ខ្ញុំសូមណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍ នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។»
ជាមួយគ្នានេះសម្ដេច ស ខេង ក៏សូមអំពាវនាវបងប្អូន ប្រជាពលរដ្ឋនៅតំបន់មានការជន់លិច យកចិត្តទុកដាក់តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាព ជាពិសេសរាល់ពេលធ្វើដំណើរ នៅតំបន់ដែលមានការជន់លិច ៕