ប្អូនស្រីនាយករដ្ឋមន្ត្រី ផ្ទុះការរិះគន់យ៉ាងខ្លាំង រឿងកំណត់ល្បឿនលើផ្លូវ៦០ម៉ែត្រ និងនិយាយខ្លីថា របររកស៊ីលោកប៉ូលិសខ្លាំងមែន (Video)

0

ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ទុះការរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចកំណត់ល្បឿនធ្វើដំណើរ លើផ្លូវ៦០ម៉ែត្រ ត្រឹម៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងនិយាយខ្លីថា របររកស៊ីលោកប៉ូលិសខ្លាំងមែន ។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ តុលាថា “របររកស៊ីលោកប៉ូលិសខ្លាំងមែន។ សួរមតិមហាជនទៅ លោកអ្នកដេកនឹកកំណត់ច្បាប់ ។ មានមនុស្សប៉ុន្មាន នាក់ដែលគាំទ្រ ល្បឿន 30/40 របស់អស់លោក? មិនមែនសម័យ79 ជិះរទេះគោទេណាអស់លោក? បើមុខសាលារៀនវាមិនអីទេ!! ហើយខ្ញុំនិយាយនេះកុំចោតថាបក្សប្រឆាំង ខ្ញុំមើលឃើញអស់លោកប៉ូលិស ធំវិញចេញដំណើរឡាន បើកផ្ដាច់ព្រលឹង ម៉េចមិនគោរពអាល្បឿនដែលដាក់ឲ្យរាស្ត្រ 30/40 ផងទៅ” ។

ជាមួយគ្នានោះដែរ ក៏មានអ្នកលេងបណ្ដាញ សង្គមជាច្រើន ក៏បានផ្ទុះការរិះគន់ចំពោះបញ្ហានេះផងដែរ ជាក់ស្ដែកលោក ផែង វណ្ណៈ បានសរសេររិះគន់លើហ្វេសប៊ុកដែរថា “ផ្លូវ ៦០ម៉ែត្រ អោយបើកតែ ៤០ គ.ម ក្នុង ១ម៉ោង ដឹងតែមានគេជេរទៀតហើយ ! ផ្លូវចេញពីរាជធានី មិនមែនក្នុងរាជធានីទេ តើអស់លោកណា ជាអ្នកផ្ដួចផ្ដើមគំនិត ដាក់ស្លាកកំណត់ល្បឿននេះ ? មានដែលបើកភ្នែក បើកត្រចៀក ស្ដាប់មហាជនខ្លះទេ?” ។

ចំណែកអ្នកខ្លះទៀត បានចែកចាយជាដំណឹង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹង និងមានការប្រុងប្រយ័ត្ន កុំឲ្យខាតបង់ថវិកាដោយសារការ ធ្វេសប្រហែសមួយភ្លែត។

ដោយក្នុងខ្លឹមសារនៃការបន្តគ្នានោះ បានសរសេរយ៉ាងដូច្នេះថា “បងប្អូនដែលធ្វើដំណើឆ្លងកាត់ផ្លូវ 60 មែត្រ សូមបើកបរក្រោមល្បឿនកុងទរ័ 40 បើបើកបរលើកល្បឿនគេពិនិយ 180000រៀល ព្រោះក្រុងបានដាក់កាមារ៉ារួចរាល់ហើយ ដំណឹងនេះសូមសែរបន្ត ដល់បងប្អូនអោយបានដឹងផង ព្រោះបងប្អូនជិះលើផ្លូវនោះ ទូលាយគាត់បើកបរលឿនលើសល្បឿនកុងទរ័ 40 ដំណឹងនេះប្រាប់បងប្អូនក្នុងគ្រុបអោយ បានជ្រាបជាព័ត៌មាន ព្រោះគេដាក់កាមារ៉ារួចរាល់ហើយ” ៕