មានសង្ឃឹមហើយ! សមត្ថកិច្ចកំពុងរកនិតិវិធី ជួយរំដោះនារីម្នាក់ ដែលចាញ់បោកមេខ្យល់ ទៅបម្រើការនៅចិន (Video)

0

ភ្នំពេញ៖ ក្រោយពីមានការផ្សព្វផ្សាយ ព្រោងព្រៀតអំពីករណីនារីម្នាក់ ដែលបានចាញ់បោកមេខ្យល់ យកទៅបម្រើការនៅប្រទេសចិន ពេលនេះកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននិងកំពុងសហការជាមួយអង្គការដៃគូនិងស្ថាប័ន ពាក់ព័ន្ធដើម្បីជួយរំដោះ នារីរោងគ្រោះខាងលើ ស្របតាមនីតិវិធី។

យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញព័ត៌មាន លើបណ្ដាញទំនាក់ទំនងសង្គម មានករណីពលការិនីម្នាក់ ដែលត្រូវបានមេខ្យល់បោក ឲ្យទៅបម្រើការងារនៅប្រទេសចិន ហើយព័ត៌មាននេះត្រូវ បានផ្សព្វផ្សាយជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងករណីខាងលើ អនុវត្តតាមមតិដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្រុមការងារ ប្រតិកម្មរហ័សបានបញ្ជូនករណីនេះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីជួយអន្តរាគមន៍ដោះស្រាយ ពិសេសសំដៅ ជួយពលការិនីខាងលើ ត្រឡប់មកកម្ពុជា វិញដោយសុវត្ថិភាព។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានចាត់កម្លាំង ជំនាញធ្វើការទំនាក់ទំនង ជាមួយពលការិនី ខាងលើដើម្បីរកអាសយដ្ឋាន ពិតប្រាកដ ដែលកំពុងស្នាក់នៅឯប្រទេសចិន ហ្នឹងបានកំពុងបន្តស្វែងរក សាច់ញាតិ របស់ពលការិនី នៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឈានដល់ការអន្តរាគមន៍ នាំយកនារីរងគ្រោះ ត្រឡប់មកប្រទេសកម្ពុជាវិញ ។

ជាមួយគ្នានេះ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននិងកំពុងសហការជាមួយអង្គការដៃគូនិងស្ថាប័ន ពាក់ព័ន្ធដើម្បីជួយរំដោះ នារីរោងគ្រោះខាងលើ ស្របតាមនីតិវិធី៕