មេបញ្ជាការដ្ឋាន កងទ័ពជើងគោក បញ្ជាឲ្យបង្កើនកម្លាំង អន្តរាគមន៍សង្គ្រោះ ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយជំន់ទឹកភ្លៀង

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានចេញបទបញ្ជាឱ្យ បង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយជំន់ទឹកភ្លៀង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា «ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន !»។

តាមរយៈហ្វេសប៊ុក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា ក្នុងគ្រាដែលប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន បានទទួលរងគ្រោះ ដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោក បានដាក់ចេញនូវបទបញ្ជា ឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួម ក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ ដោយទឹកជំនន់ ។

ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥  កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំងមធ្យោបាយសម្ភារៈ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា «ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោក បានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះ ពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូន ក្នុងករណី មានតម្រូវការចាំបាច់ »៕