មុខសញ្ញាចោរ លួចគាស់ផ្ទះពលរដ្ឋ យកទ្រព្យសម្បត្ តិយ៉ាងសកម្ម៥នាក់ នៅរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌដង្កោ ក្របួចជាប់ (Video)

0

ភ្នំពេញ៖ ជនសង្ស័យ ៥នាក់ ដែលតែងតែធ្វើសកម្មភាព លួចគាស់សោផ្ទះ ឬចង្រឹងដែកបង្អួច របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដើម្បីយកទ្រព្យសម្បត្តិ ឥឡូវអស់ល័ក្ខ ត្រូវកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន កាលពីវេម៉ោង ១៖៣០នាទី យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទុកចោល ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់រួមមាន៖
ទី១-ឈ្មោះ តុង ឡៃ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ទី២-ឈ្មោះ ព្រុំ វណ្ណរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ទី៣-ឈ្មោះ បូ ភារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ទី៤-ឈ្មោះ មាស ស្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូកង់បីទីលំនៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ទី៥-ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុកម្លាំងល្បាត នៅក្នុងមូលដ្ឋានខណ្ឌដង្កោ បានចេញល្បាតដើម្បីទប់ស្កាត់បទ ល្មើសផ្សេងៗក្នុងមូលដ្ឋាន ស្រាប់តែកំពុងល្បាត ដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យម្នាក់ កំពុងតែធ្វើសកម្មភាព កាត់ចំរឹងបង្អួចឃ្លាំង បម្រុងចូលលួច ទ្រព្យសម្បត្តិ ប៉ុន្ដែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យនិងបក្ខពួកបាន ៥នាក់ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលដង្កោតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ពួកខ្លួនតែង តែធ្វើសកម្មភាពនៅក្នុងទឹកដី ខណ្ឌដង្កោខណ្ឌមានជ័យ និង ខណ្ឌដូនពេញ ហើយសកម្មភាពរបស់ពួកគេ ទាំង ៥នាក់គឺ តែងតែទទួលបានភាពជោគជ័យ ស្រាប់តែថ្ងៃកើតហេតុក៏ត្រូវអស់លក្ខណ៍ ត្រឹមសមត្ថកិច្ចឃាត់ខ្លួន ។

ជាមួយគ្នានោះសមត្ថកិច្ច បានដកហូតសម្ភារពីជនសង្ស័យរួមមាន៖ រ៉ឺម៉កកង់បីមួយគ្រឿង, ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង, ដាវសាំម៉ារ៉ៃ២ដើម, សោមូលបីដើម, រណាអាដែកមួយដើម, ទល់ឡឺវីសមួយដើម ។

បច្ចុប្បន្ននេះជនសង្ស័យទាំង ៥នាក់ ខាងលើត្រូវបានសមត្ថកិច្ច កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕