ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលមាននារីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក AUDI Q7 មួយគ្រឿងបានជ្រុលទៅបុកម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ មួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កាលពីម៉ោងប្រមាណ៨យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរីរ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-0805 បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ ។ រីឯម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1P -1443 ជិះដោយបុរសម្នាក់ឈ្មោះ ខន សុភួន អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះ៩៨ ផ្លូវលំ ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែល នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញភាគីខាងម៉ូតូ ធ្វើដំណើរតាមផ្លូវបេតុង ក្នុងបុរីរ៉ូយ៉ាល់មេគង្គ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏មានភាគី រថយន្តបង្ក ខាងលើធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយល្បឿនលឿន ហើយក៏ជ្រុកបុកម៉ូតូ ជនរងគ្រោះពេញទំហឹង និងកិនម៉ូតូអូសប្រហែល ១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យបុរសម្ចាស់ម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយមក បងប្អូនប្រជាពលរដ្ឋ បានឃាត់នារីម្នាក់ ដែលជាអ្នកបើកបររថយន្ត ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន រួចសមត្ថកិច្ចក៏បានទាក់ទង ទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្ក និងម៉ូតូទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ តាមក្រោយ ៕