ទោះជួបវិបត្តកូវី១៩ កម្ពុជា ក៏មិនបានស្នើម្ចាស់បំណុល ឲ្យពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះដែរ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ គឺកម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ ជាងប្រទេសដទៃមួយចំនួន លើវិស័យហិរញ្ញវត្ថុ ហើយអ្វីដែលសំខាន់នោះកម្ពុជា ក៏មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះដែរ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា «ជាការសម្គាល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅ និងប្រទេសដទៃមួយចំនួន លើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។ កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ» ។

លោកបន្តថា កម្ពុជានៅតែមានសកម្មភាពដ៏សកម្ម ក្នុងកិច្ចបញ្ចេញសាច់ប្រាក់ គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទាន ក៏មានសកម្មភាពរស់រវើកដូចជា ការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាម មូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ។

លោកបន្ថែមថា រីឯការចំណាយចរន្តដូចជា ប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ៕