ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ សៀង វុទ្ធី ជិះម៉ូតូមិនមានការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តពីក្រោយ ដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង ។ ប៉ុន្តែអ្វីជាការហួសចិត្តនោះ បែរជាក្រុមគ្រួសារខាងម៉ូតូ ប្តឹងទាមទារសំណងពីភាគីរថយន្ត ដែលមិនខុសអ្វីសោះរហូតដល់ ១ម៉ឺនដុល្លារ ទៅវិញ ។
ដើម្បីបង្ហាញការពិតនៃ រឿងគ្រោះថ្នាក់ចរាចរណ៍នេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះដល់កន្លែងកើតហេតុ ។ ជាលទ្ធផលបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីភាគីខាងម៉ូតូ បើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ឲ្យបានច្បាស់លាស់ពេលកំពុងបើកបរ ។
យោងតាមរបាយការណ៍ពី អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដែលទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ វេលាម៉ោង ១៥៖៤០នាទី លើចំណុចផ្លូវលេខ១១០ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចអះអាងថា មានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6810 បើកបរ ដោយឈ្មោះ ឡៃ ភី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ មុខរបរកសិករ បើកបរ ទិសដៅពីលិចមកកើត ពោលគឺ ពីភ្នំពេញទៅស្អាង ។
ពេលមកដល់ចំណុចកើតហេតុ ក៏ឈប់រថយន្តបន្តិចរង់ចាំ រថយន្តបើកទិសដៅផ្ទុយឆ្លងស្ពានព្រែកហាស ក៏មានម៉ូតូម៉ាក់ HONDA Wave ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-9496 បើកបរដោយឈ្មោះ សៀង វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ រងរបួសធ្ងន់ មានទិសដៅស្របទិស មកបុកចំពីក្រោយរថយន្ត កាមរី បណ្តាលអោយអ្នកបើកបរម៉ូតូដួលទៅលើទ្រូង ផ្លូវចូលចំណែកផ្លូវរថយន្តម៉ាក TOYOTA Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7578បើកបរ ដោយឈ្មោះ គឹម ឆាយរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន ។
ករណីនេះ បណ្តាលអោយម៉ូតូខូចខាតធ្ងន់១គ្រឿង , រថយន្តខូចខាតស្រាល២គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ។
សមត្ថកិច្ចសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីភាគីខាងម៉ូតូ បើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ឲ្យបានច្បាស់លាស់ពេលកំពុងបើកបរ ។
ទោះបីយ៉ាងណាពេលនេះ បែរជាភាគីខាងម៉ូតូប្តឹងទាមទារសំណង ពីខាងភាគីឡានទាំង ២គ្រឿងរហូតដល់ចំនួន ១ម៉ឺនដុល្លារ ។ ប៉ុន្តែការជួបចរចារគ្នា កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅតុលាការខេត្តកណ្តាល ភាគីខាងម៉ូតូបានទាមទារ សំណងត្រឹម ៥ពាន់ដុល្លារវិញ ខណៈខាងភាគីឡានជួយជាលុយ សប្បុរសធម៌ចំនួន ១ពាន់ដុល្លារ តែភាគីខាងម៉ូតូនៅតែមិនព្រម ។
អ្វីជាចំណុចសំខាន់នោះ ភាគីខាងឡានបានដាក់ពាក្យសុំឡាន ពីខាងតុលាការខេត្តកណ្តាល ដើម្បីប្រើប្រាស់បម្រើឲ្យជីវភាពប្រចាំថ្ងៃ ។ ចំពោះនីតិវិធីយ៉ាងណានោះ ភាគីខាងឡានសន្យាថា នឹងចូលខ្លួនបំភ្លឺគ្រប់ពេលវេលា ដោយមិនគេចវេសឡើយ ។
បញ្ហានេះភាគីខាងឡាន សំណូមពរដល់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកណ្តាល មេត្តាប្រគល់ឡានទាំង ២គ្រឿង ឲ្យមកពួកគេប្រើប្រាស់វិញផង ដោយក្តីអនុគ្រោះ ៕