ភ្នំពេញ៖ រថយន្ត២គ្រឿងបានបុកគ្នា បណ្តាលឲ្យកម្មករ-កម្មការនី ចំនួន១៥នាក់ រងរបួសស្រាល។ ហេតុការនេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទី១ម៉ាក HYUNDAI ពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ 3B-4649 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ក្រោយកើតហេតុរត់គេចខ្លួនបាត់) បើកបរពីទិសខាងត្បូងទៅទិសខាងជើង(ជារថយន្តដឹកកម្មករ រោងចក្រមកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ ) ។
ប្រភពដដែលបន្តថា លុះបើកមកដល់ចំណុចខាងលើបានទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក HINO ពណ៌សពាក់ស្លាកលេខភ្នំពេញ 3B-7910 សណ្តោងសឺមីរ៉ឺម៉ក់ពណ៌ទឹកប៊ិចពាក់ស្លាកលេខព្រះសីហនុ 4A.3483 បើកបរដោយឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដួង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យខូចខាត រថយន្ត០២គ្រឿង (ស្រាល)របួសមនុស្សស្រាល១៥នាក់ (ស្រី១៥នាក់)។ មូលហេតុបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕




