ភ្នំពេញ៖ កាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ តំណាងសហជីពកម្មករ ស៊ីន ទ្រី បានប្ដិតមេដៃព្រមព្រៀងឲ្យកម្មករប្រមូលសំរាម ស៊ីន ទ្រី ២១៥០នាក់ ចេញប្រមូលសំរាម ឡើងវិញ ក្រោយប្រមូលផ្តុំគ្នា ធ្វើ កូដកម្ម អស់ជាច្រើនថ្ងៃ ។ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ រហូត ព្រឹក ថ្ងៃទី ៨ ខែតុលា នេះ នៅមានកម្មករ ក្រុមហ៊ុន ស៊ិនទ្រី ប្រមាណ ៣០០នាក់ បន្ត ប្រមូលផ្ដុំ ធ្វើ កូដកម្ម នៅមុខ យានដ្ឋាន របស់ ក្រុមហ៊ុន ក្នុងភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ មិនព្រមចេញប្រមូលសំរាម ។
សូមបញ្ជាក់ថា កូដកម្មព្រឹកនេះដឹកនាំ ដោយ លោក កៅ សាវ៉ាត ប្រធានសហជីព កម្មករ និ យោ ជិ ក វិស័យ ទេសចរណ៍ នៃ ក្រុមហ៊ុន ស៊ិន ទ្រី ។
ក្រុមកម្មករ ស៊ីន ទ្រី ដែល បន្តធ្វើ កូដកម្ម នេះ បានប្រកាស ទាមទារ ៥ចំណុច រួមមាន ៖ ១. ទាមទារ ប្រាក់ បំណាច់ អតីតភាព ការងារ ។ ២. ទាមទារ សំណង ជំងឺ ចិត្ត ។ ៣. ទាមទារ ប្រាក់ ជួស ឲ្យ ការជូនដំណឹង ( ប្រាក់ដែល ក្រុមហ៊ុន មិនបាន ជូនដំណឹង ជាមុន ) ។ ៤. ទាមទារ ប្រាក់ខែ ចុងក្រោយ និង ៥. ការឈប់ សម្រាក ប្រចាំឆ្នាំ ដែល នៅសល់ ។
ជាមួយគ្នានោះដែរ សាលា រាជធានី ភ្នំពេញ និង តំណាង ក្រុមហ៊ុន គ្រោង នឹង ជួបចរចា ជាមួយ តំណាងកម្មករ ស៊ីន ទ្រី នៅ រសៀល ថ្ងៃទី ៨ តុលានេះ ។
សូមរំលឹកថា ការទទួលយកដំណោះស្រាយ និងព្រមព្រៀងចូលធ្វើការវិញ របស់កម្មករក្រុមហ៊ុនទ្រី ធ្វើឡើងក្រោមកិច្ចចរចារវាងលោក ឃួង ស្រេង និងម្ចាស់ក្រុមហ៊ុនស៊ីនទ្រី ព្រមទាំងកម្មករនិយោជិត ។ ជាមួយគ្នានោះ ភាគីទាំងអស់ បានព្រមព្រៀងគ្នា ៣ចំណុចដូចខាងក្រោម៖
១.ចំពោះសំណើ របស់កម្មករនិយោជិត ទាមទារឲ្យក្រុមហ៊ុនដោះស្រាយ ពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយ តាមច្បាប់ ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។
២.ចំពោះការងារ របស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។
៣.សូមឲ្យកម្មករ និយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារ ជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០តទៅ ៕