ភ្នំពេញ៖ កម្លាំងជំនាញ ក៧ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតថ្នាំញៀនជាង ៣គីឡូក្រាម ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កបពីរគោលដៅផ្សេងគ្នា៖ ១.នៅចំណុចក្បែក្លោងវត្តតាំងក្រសាំង ស្ថិតក្នុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ២.ចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។
ក្នុងប្រតិបត្តិការនេះដែរ ក៏បានឃាត់ខ្លួនជនសង្ស័យ ៣នាក់៖ ១-ឈ្មោះ សឹង សម្បត្តិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ ។ ២-ឈ្មោះ ប្រាក់ ឌីម៉ង់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ ពៅ សាវិន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅសថ្លា សង្ស័យថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ៣១៦៥.១៩ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង និងឧបករណ៍វិចខ្ចប់ថ្នាំញៀនមួយចំនួន ៕