ភ្នំពេញ៖ រថយន្តមួយគ្រឿង បើកបរក្នុងស្ថានភាពមេឃកំពុងភ្លៀង និងរអិលផងនោះ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទាំងកម្រោល បណ្តាលឲ្យមួយគ្រួសារមានគ្នា ៣នាក់ ស្លាប់ទាំងអស់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីព្រលប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧ ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកាមេរីមួយគ្រឿង ពាក់ផ្លាកលេខ ព្រះសីហនុ 2A-2100 ដែលបានបើកបរលើសល្បឿន និងជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលជិះគ្នា៣នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ហើយបានបុកផ្លោងខ្ទាត ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ។ ជនរងគ្រោះរស់នៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្រោយបង្កហេតុ អ្នកបើករថយន្ត បានគេចខ្លួនបាត់ស្រមោល ។
ប៉ុន្តែទោះបីយ៉ាងណា នគរបាលបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់ និងកំពុងតែស្រាវជ្រាវ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ៕





