ភ្នំពេញ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបសិប្បកម្មផលិតបារី និងសិប្បកម្ម ផលិតនំបុ័ងប្រេនចំនួន ២កន្លែង ផ្សេងគ្នារបស់ជនជាតិចិន សង្ស័យធ្វើអាជីវកម្មផលិត ផលិតផលក្លែងក្លាយខុសច្បាប់ ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាប បានធ្វើឡើងរយៈពេល ២ថ្ងៃ ក្រោមការសម្របសម្រួល នីតិវីធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។
សមត្ថកិច្ចចុះបង្ក្រាប ទីតាំងខាងលើ បានឲ្យដឹងថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែតុលា កម្លាំងចម្រុះបានចុះទៅឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង សិប្បកម្មផលិត និងចែកចាយបារី មួយកន្លែងសង្ស័យផលិតបារីក្លែងក្លាយ ខុសច្បាប់ នៅចំណុចផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានតំណាងម្ចាស់ឈ្មោះ Huang Wenyan ភេទប្រុស អាយុ ៤២ឆ្នាំ ដោយបានធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងផលិតផល សម្រាប់ផលិតបារីចំនួន ១១ប្រភេទ សរុបចំនួន ១០៤៨កេស មានទម្ងន់ប្រហែល ២៥តោន នឹងបានរកឃើញ វត្ថុតាងឧបករណ៍ សម្រាប់ផលិតបារី រួមមាន៖ ម៉ាស៊ីនបោះពុម្ព ពណ៌លើកញ្ចប់បារីចំនួន ២គ្រឿង , ម៉ាស៊ីនកាត់ក្រដាស រ៉ុកន្ទុយស្នោចំនួន ២គ្រឿង , ម្សៅទឹកថ្នាំពណ៌សចំនួន ២៥កេស , ម្សៅទឹកថ្នាំពណ៌ចម្រុះចំនួន ៨០បាវ ,ម៉ាស៊ីនកូរទឹកថ្នាំ ១គ្រឿង ,ម៉ាស៊ីនពន្លាកន្ទុយបារី ១៣គ្រឿង និងទឹកថ្នាំសម្រាប់ បោះពុម្ពកញ្ចប់បារី ១៤៤ធុង ។
ដោយឡែកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានចុះទៅឆែកឆេរត្រួតពិនិត្យ សិប្បកម្មផលិតនំបុ័ង ១កន្លែងនៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ CHEN GANG ភេទប្រុស អាយុ ៣២ឆ្នាំ ។ សមត្ថកិច្ចចម្រុះពិនិត្យជាក់ស្តែង រកឃើញវត្ថុតាងឧបករណ៍សម្ភារៈ និងវត្ថុធាតុដើមបម្រើឲ្យ ការផលិតនំបុ័ងសរុបចំនួន ១៦ប្រភេទ ស្មើនឹងទម្ងន់ជាង ២២តោន ។
ក្រោយពីត្រួតពិនិត្យ របស់សមត្ថកិច្ចជំនាញ រួចរាល់ឃើញថា សិប្បកម្មផលិតនំបុ័ងប្រេនខាងលើ ធ្វើអាជីវកម្មមិនត្រឹមត្រូវ តាមច្បាប់ គឺគ្មានស្លាកយីហោ , គ្មានប្រកាសបង្កើតរោងសិប្បកម្ម , ផលិតផលមិនទាន់យក ទៅចុះបញ្ជី វិញ្ញាបនបត្រ វិភាគគុណភាព ហួសសុពលភាព , នៅលើសំបកវេចខ្ចប់ក្លែងអាសយដ្ឋាន , គ្មានវិញ្ញាបនបត្រ ចុះបញ្ជីម៉ាកផលិតផល , គ្មានវិញ្ញាបនបត្រ ដំណើរការសិប្បកម្ម ។
ការបង្ក្រាបសិប្បកម្មផលិតបារី និងផលិតនំបុ័ងប្រេនទាំង ២ ខាងលើក្រោយពីសមត្ថកិច្ច ចម្រុះពិនិត្យរួចហើយ អនុវត្តតាមបញ្ជា របស់លោកព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ក៏បានឃាត់ទុកវត្ថុតាងទាំងអស់ ជាបណ្តោះអាសន្ន ដើម្បីអនុវត្តតាមវិធានការច្បាប់ ៕