ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានជោគជ័យ តំរូវឱ្យគ្រប់សមាសភាពសហគមន៍ ត្រូវតែរួមគ្នាដូចជាវង់ភ្លេងតន្រ្តី
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយ គ្រោះថ្នាក់ បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ក្នុងភាពជាដៃគូ ជាមួយមន្ត្រីអនុវត្តច្បាប់សម្រាប់ខណ្ឌមានជ័យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ថា «ការងារជំរុញអ្នកញៀនគ្រឿងញៀន ឱ្យទទួលបានការព្យាបាល ផ្តាច់ភាពញៀនគឺជាការងារស្នូល សម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងសហគមន៍មូលដ្ឋាន ហើយការ ស៊ីសង្វាក់គ្នារវាងអ្នកផ្តល់សេវា និងមន្រ្តីអនុវត្តច្បាប់ជាដៃគូ មិនអាចខ្វះបានប្រៀប ដូចជាវង់តន្រ្តី ធ្វើឱ្យអ្នកញៀនគ្រឿងញៀនចេញមុខមក យកសេវាព្យាបាល ដោយគ្មានការភ័យខ្លាច»។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក៏បានថ្លែងអំណរគុណ ដល់អង្គការខាណា ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងអ្នកពាក់ព័ន្ធដែលបានរួមគ្នា ធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះ សម្រេចបានលទ្ធផលដូចដែលបានគ្រោងទុក និងសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង ដែលទទួលបាននេះទៅ អនុវត្តតាមតួនាទីរៀងៗខ្លួន ដើម្បីសម្រេចគោលដៅរួមតែមួយ ផ្តល់សេចក្តីសុខសាន្ត ជូនប្រជាលរដ្ឋរបស់យើង នូវសហគមន៍មួយមានសុខសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានជំងឺកូវីដ-១៩ ៕