សម្ដេចតេជោ៖ បើលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ១០% នោះផែនដីទាំងមូលនឹងរង្គោះរង្គើរ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បើមានអ្នកឆ្លងកូវីដ១៩ ដល់ទៅ ១០% នៃប្រជាជននៅលើទូទាំងពិភពលោកមែន នោះផែនដីទាំងមូល នឹងមានការរង្គោះរង្គើរតែម្ដង ។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នៅថ្ងៃទី៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យោងទៅលើប្រធានអង្គការ សុខភាពពិភពលោកចេញមកព្រមាន ថាពិភពលោកអាចមានអ្នកឆ្លងរហូតដល់ ១០% នៃមនុស្សតែ ១០% នៃមនុស្ស ខ្ញុំគិតថាងាប់ហើយ។ ដោយសារឥឡូវប្រជាជន លើពិភពលោកមានប្រមាណជា ៧ពាន់លាននាក់។ បើ៧ពាន់លាននាក់គឺ ១០% វាមិនស្មើរ៧រយលាន យើង១៦លាននាក់ បើ១០% វាមិន១លាន៦សែននាក់ វាមិនងាប់។ អីចឹងអង្គការសុខភាពពិភពលោកហើយ ខ្ញុំសូមអង្វរកុំបំភ័យ ហួសហេតុពេកអី ខ្ញុំដូចមិនជឿទេ និយាយឲ្យត្រង់ហ្មង» ។

សម្ដេចតេជោបន្ថែមថា សម្ដេចគាំទ្រ អង្គការសុខភាពពិភពលោក តែពេលខ្លះកុំបំភ័យខ្លាំងពេក រឿងកូវីដ១៩នេះ ខ្លាចវ៉ាក់សាំងការពារ មិនអាចផលិតទាន់ ទៅមិនរួច ព្រោះ ១០% គឺច្រើនណាស់។

សម្ដេចបញ្ជាក់ថា «បើនៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ដល់ទៅ ១០%មែននោះ ផែនដីទាំងមូលនឹងមានការរង្គើរតែម្ដង»។

ទន្ទឹមគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវ កុំឲ្យប្រជាពលរដ្ឋ ភ្លេចកូវីដ១៩ឲ្យសោះ ជាពិសេសត្រូវប្រុងប្រយ័ត្នជានិច្ច និងថែរក្សាសុខភាពជាប្រចាំ ៕