រាជបណ្ឌិត្យសភាកម្ពុជា បង្ហាញ ៥ចំណុច ពីភាពបរាជ័យរបស់ខ្លួន ក្នុងការចិញ្ចឹមចៀម និងពពែ

0

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីភាពបរាជ័យរបស់ខ្លួន ៥ចំណុច ក្នុងការចិញ្ចឹមចៀម និងពពែ ដើម្បីបញ្ចៀសកុំឱ្យប្រជាជន ដើរជាន់លើចំណុចដែលជាហេតុ នាំឱ្យបរាជ័យទាំងនេះ ។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ តុលានេះថា ថ្ងៃនេះរាជបណ្ឌិត្យសភាកម្ពុជា បរាជ័យក្នុងការចិញ្ចឹមចៀមនិងពពែ ប៉ុន្តែវាជាមេរៀននៅក្នុង ការសិក្សាស្រាវជ្រាវ ដើម្បីបញ្ចៀសកុំឱ្យប្រជាជនដើរជាន់ លើចំណុចដែលយើងកំពង់តែ ជួបហេតុនាំឱ្យបរាជ័យទាំងនេះ ព្រោះបើសិនជាប្រជាជនដើរខុស ពេលដែលមានបញ្ហា ប្រជាជននឹងបាត់បង់ថវិកា និងប្លង់ដីដែលបានដាក់បញ្ចាំ យកដើមទុនមកប្រកបមុខរបរនេះជាដើម។

លោកបន្តថា នៅពេលដំណើរការស្រាវជ្រាវ អំពីការចិញ្ចឹមចៀមនិងពពែ ក៏ដូចជាចៀមនេះត្រូវបានបញ្ចប់ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំជាវីដេអូ និងឯកសារសម្រាប់ផ្ដល់ជាបទពិសោធ នៃការចិញ្ចឹមចៀមនិងពពែ ដល់ប្រជាជនដែលមានបំណងចិញ្ចឹម ដើម្បីបញ្ចៀសភាពបរាជ័យ និងគូសបញ្ជាក់ពីចំណុច ដែលប្រជាជនត្រូវធ្វើនៅពេល ដែលការចិញ្ចឹមជួបប្រទះនឹងឧបសគ្គផ្សេងៗ។

លោក សុខ ទូច បញ្ជាក់ថា ទាំងនេះទិដ្ឋភាពបរាជ័យចំនួន៥ ដែលយើងកំពុងជួបប្រទះគឺ៖

១. ដោយសារអាកាសធាតុ មានភ្លៀងខ្លាំង ពន្លឺថ្ងៃបើកតិចនៅជុំវិញសើមរហូត ធ្វើឱ្យពពែនិងចៀមមានជំងឺហើមពោះ។
២. មូស និងសត្វពិសដូចជា ឪម៉ាល់និងស្រាំងបានទិចវា នៅពេលវាចេញទៅស៊ីស្មៅ
៣. ពពែនិងចៀមស៊ីប្លាស្ទិក ដែលយើងបានទិញមកពីប្រភពផ្សេងៗ មិនបានពិនិត្យឃើញ។
៤. ការដឹកមកផ្លូវឆ្ងាយ ពពែនិងចៀមកាត់ភ្លៀង ហើយទ្រាំនឹងអាកាសធាតុមិនបាន ធ្វើសត្វនេះហើមពោះក៏ងាប់
៥. យើងយកពពែនិងចៀមទាំងនេះ មកពីប្រភពផ្សេងៗ ប៉ុន្តែយើងមិនបានដាក់វាឱ្យ នៅដាច់ដោយឡែកពីគ្នា ធ្វើឱ្យវាចម្លងរោគពីសត្វមួយ ទៅមួយទៀតយ៉ាងលឿន បង្កឱ្យការស្លាប់លឿនជាបន្តបន្ទាប់។
6. កម្រិតសមត្ថភាពពេទ្យសត្វមានតែទ្រឹស្តី តែការអនុវត្តនៅមានកម្រិត។

ទិដ្ឋភាពទាំងនេះ ជាអ្វីដែលរាជបណ្ឌិត្យសភាកម្ពុជាជួបប្រទះ នៅក្នុងការដំណើរការស្រាវជ្រាវ លើការចិញ្ចឹមចៀមនិងពពែ ។ យើងបានទិញពពែចំនួន ២២២ក្បាល ពេលបច្ចុប្បន្ននេះ នៅសល់តែ៥៤ក្បាលទេ ហើយកូនពពែដែលនៅសល់មាន ១២ក្បាល និងចៀមដែលយើងទិញចូលមាន ១៣៨ក្បាល នៅសល់ ៧៨ក្បាលទេ ចំណែកកូនរបស់វានៅសល់ ២៤ក្បាល ហើយយើងនឹងបន្តដំណើរការចិញ្ចឹមពពែ និងចៀមនេះតទៅមុខទៀត ៕