ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉លទី៣ លើផ្លូវ៦០ម៉ែត្រ ឬហៅថាផ្សារទំនើប អ៊ីអនម៉លមានជ័យ បានលេចរូបរាងចេញជាបណ្ដើរៗហើយ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធការដ្ឋានសាងសង់ នៅព្រឹកថ្ងទី៧ តុលានេះ ។
សូមរំលឹកថា គម្រោងផ្សារទំនើបអីអនម៉លទី៣ ដែលគ្រោងនឹងបើកដំណើរការ ជាផ្លូវការនៅឆ្នាំ២០២២ ។ គម្រោងផ្សារទំនើបអីអនម៉លទី៣ មានទីតាំងស្ថិតនៅក្នុងគម្រោង INC CITY ដែលជាគម្រោងអភិវឌ្ឍន៍ ទីក្រុងធំជាងគេនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។ គម្រោងផ្សារទំនើបអឺអនម៉លទី៣ ក៏ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍ នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។
គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ)នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។ លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអ៊ុអនម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីផ្សារទំនើបអីអន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន សេវាកម្ម ផ្សេងៗ ជាច្រើនទៀត៕