ពុទ្ធបរិស័ទចំណុះជើងវត្តប្រភ្នំ នៅខេត្តកំពតជិត ៣០០នាក់ នាំគ្នាតវ៉ាពិធីតែងតាំង ចៅអធិការវត្ត

0

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលជា ពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជិត ៣០០នាក់នាំគ្នាតវ៉ា ចំពោះការប្រកាសតែងតាំង ព្រះចៅអធិការវត្តប្រភ្នំ ​ស្ថិតក្នុងភូមិប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ។ ក្រោយមកពិធីតែងតាំងនេះ ក៏ត្រូវបានផ្អាកយ៉ាងតក់ក្រហល់ ។

ការកាសតែងតាំងប្រធានសង្ឍ នៅវត្តប្រភ្នំនេះបន្ទាប់ពី ព្រះចៅអធិការវត្តចាស់ បានសុគតរយៈពេល៤ខែ ទើបរសៀលនេះមានការតែងតាំង ជាព្រះចៅអធិការវត្តថ្មីវិញ ដែលមានការចូលរួមពីលោក ថាង ពៅ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោកកឹម បូណា អភិបាលស្រុកអង្គរជ័យ លោក យ៉ាត យ៉ា ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តប្រភ្នំផងដែរ។

ចំពោះការផ្អាកតែងតាំង ព្រះចៅអធិការវត្តប្រភ្នំនេះ ក្រោយពីមានការប្រតិកម្ម រវាងប្រជាពលរដ្ឋដែលជា ពុទ្ធបរិស័ទចំណុះជើងវត្តប្រភ្នំ ដែលពួកគាត់រាប់រយនាក់ធ្វើការ ជំទាស់មិនឲ្យលោកគ្រូសូត្រស្តាំ ព្រះនាម ព្រះអង្គម្ចាស់ ហួច នាង ឡើងធ្វើជាព្រះចៅអធិការវត្តប្រភ្នំ ដោយសំអាងហេតុផលថា លោកគ្រូសូត្រស្តាំនេះជាសង្ឍ ដែលរាប់អានតែអ្នកធំឬអ្នកមាន និងមានភាពខ្ចិលច្រអូស ហើយលោកគ្រូសូត្រស្តាំ មិនរាប់អានពលរដ្ឋក្រីក្រឡើយ ចំពោះហេតុផលដែល ពុទ្ធបរិស័ទចង់បានក្នុងការតែងតាំង គឺសុំប្តូរតំណែងព្រះចៅអធិការវត្តប្រភ្នំ ឲ្យទៅលោកគ្រូសូត្រឆ្វេង ព្រះនាមព្រះអង្គម្ចាស់ ពេជ សុភឿន វិញទើបប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយល់ស្រប ព្រោះពួកគាត់សំអាងថា គ្រូសូត្រឆ្វេងជាសង្ឃ ប្រកបដោយគន្លងធម៌ ចិត្តល្អចេះជួយយកអាសារអ្នកស្រុកភូមិ និងឧស្សាហ៍ព្យាយាម ខុសពីលោកគ្រូសូត្រស្តាំដែលជាសង្ឃ សម្លឹងឃើញតែលាភសក្ការៈ។

ទាក់ទិននឹងការផ្អាកប្រកាសតែងតាំង ព្រះចៅអធិការវត្តប្រភ្នំ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពត បានកត់សម្គាល់ថា បើពុទ្ធបរិស័ទចំណុះជើងវត្ត សម្តែងក្តីមិនពេញចិត្តចំពោះ ការឡើងតំណែងគ្រូសូត្រស្តាំព្រះនាម ហួច នាង ជាប្រធានសង្ឃក្នុងវត្តប្រភ្នំទេ លោកក៏យល់ស្របដែរ ប៉ុន្តែតំណែងនេះនឹងត្រូវកំណត់ លើកពេលទៅថ្ងៃក្រោយវិញ ដោយតម្រូវជ្រើសរើសយកព្រះសង្ឃផ្សេង ដែលមិនមែនជាសង្ឃក្នុងវត្តប្រភ្នំ ដើម្បីតែងតាំងជាព្រះចៅអធិការវត្តប្រភ្នំ ធ្វើបែបនេះទើបគ្មានប្រតិកម្ម ពីប្រជាពលរដ្ឋទាំងសងខាង ៕