ភ្នំពេញ៖ សត្វរុយមួយប្រភេទត្រូវបាន បុរសជនជាតិខ្មែរមួយរូបកំពុងតែ ចិញ្ចឹមតាមរបៀបជាកសិដ្ឋាន ដើម្បីផ្គត់ផ្គង់ខ្សែរសង្វាក់ នៃកសិដ្ឋានចិញ្ចឹមសត្វរបស់លោក និងបងប្រុស ហើយក៏កំពុងតែលើកទឹកចិត្ត ដល់កសិករទូទៅចិញ្ចឹម ដើម្បីធ្វើជាចំណីសត្វ និងចូលរួមសម្អាតបរិស្ថាន ។ នេះបើយោងតាម AKP ។
លោក សៅ សែនសំណាង ដែលជាអ្នកបច្ចេកទេសនៅកសិដ្ឋានចិញ្ចឹមរុយ BSF បានប្រាប់ថា រុយមួយប្រភេទនេះវាគឺជា សត្វដែលមិនបង្កផលប៉ះពាល់ ដល់ប្រព័ន្ធជីវសាស្រ្តនៅក្នុងប្រទេសឡើយ ប៉ុន្តែផ្ទុយទៅវិញវាគឺជាប្រភេទរុយ ដែលអាចនឹងជួយសម្អាត បរិស្ថាន ហើយក៏ជាប្រភពប្រូតេអ៊ីនសម្រាប់សត្វ សូម្បីតែមនុស្សក៏អាចទទួលទានបានដែរ គ្រាន់តែនៅពេលនេះ លោកនៅមិនទាន់ចិញ្ចឹមដើម្បីផ្គត់ផ្គង់ ជាប្រភពប្រូតេអ៊ីនសម្រាប់មនុស្សនៅឡើយទេ ។
លោកបានឲ្យដឹងថា រុយមួយប្រភេទនេះគឺជា ប្រភេទរុយដែលមានឈ្មោះ តាមបែបវិទ្យាសាស្រ្តថា Black Soldier Fly ហៅកាត់ថា BSF ។ សត្វរុយមួយប្រភេទនេះវាអាចជួយ បំបែកកាក់សំណល់អាហារ បាន១០០ ភាគរយ ហើយវាក៏ជាសត្វដែល ជួយបង្កើតនូវជីសរីរាង្គ នាំឲ្យមានវដ្ឋនៃចំណីអាហារ ។ វាគឺជាប្រភេទសត្វល្អិត ដែលមានសារធាតុអូមេហ្គា៦ និង ៩ ដែលជាសារធាតុសម្រាប់ជួយសុខភាព ។ ក្រៅពីនោះវានៅមាន សារធាតុសំខាន់ៗមួយចំនួនទៀត ដូចជាកាលស្យូម ដែលល្អសម្រាប់សុខភាពឆ្អឹង មានអាស៊ីត ឡូរិច ដែលជាសារធាតុប្រឆាំងនឹងមេរោគ និងបង្កើនប្រព័ន្ធភាពស៊ាំបានល្អ ។
លោកបានបន្តថា គំនិតផ្តួចផ្តើមដំបូងនៅក្នុងការបើកកសិដ្ឋានចិញ្ចឹមរុយនេះឡើងគឺនៅក្នុងឆ្នាំ២០០៧ ដោយ លោកបានចេញទៅសិក្សាដកស្រង់ បទពិសោធន៍ទាំងនៅក្នុងស្រុក និងនៅបរទេស ជាងមួយឆ្នាំមុនពេលដំណើរការ ។ លោកបានបញ្ជាក់ថា ជាទូទៅកសិដ្ឋាននេះទើបបើកដំណើរការ ចិញ្ចឹមបានប្រហែលជាជាង ៤ឆ្នាំប៉ុណ្ណោះ ។
លោកបានបន្តទៀតថា គោលគំនិតដំបូងនៅក្នុងការចិញ្ចឹមរុយនេះ គឺវាបានមកពីការដំណើរការចិញ្ចឹមមាន់ និង ត្រីរបស់គ្រួសារលោកចេះតែមិនសូវចំណេញ ដូច្នេះបានជាមានការ រិះគិតអំពីប្រភពអាហារដែល បម្រើឲ្យកសិដ្ឋានចិញ្ចឹម សត្វរបស់លោក ។ មុននឹងចាប់ផ្តើមបើកកសិដ្ឋានចិញ្ចឹមរុយនេះឡើង លោកបានសាកល្បងតាំង ពីការចិញ្ចឹមចង្រិតឡើង ប៉ុន្តែវាទាមទាររយៈពេលយូរ ហើយទិន្នផលនោះគឺវាតិចហើយ ស្មុគស្មាញជាងរុយ។
លោកបានបញ្ជាក់ថា “ចិញ្ចឹមចង្រិតកន្លះខែនិងចិញ្ចឹមរុយកន្លះខែ គឺចិញ្ចឹមរុយបានផលខុសគ្នាច្រើន ” ។ លោកបានបន្តទៀតថា “បើសិនជាដាក់ពងចង្រិតមួយខាំ ដូចគ្នាប្រៀបជាមួយនឹងរុយនៅក្នុងរយៈពេលកន្លះខែដូចគ្នា ទិន្នផល គឺវាខុសគ្នាឆ្ងាយ ។ រុយយើងដាក់ពងកន្លះខែ មួយខាំដូចគ្នា អានេះយើងទទួលបានផលពី ១០០ ទៅ ២០០ គីឡូ ” ។
ដោយផ្អែកលើបទពិសោធន៍នេះ លោក សៅ សែនសំណាង បានលើកទឹកចិត្តឲ្យកសិករនានានៅក្នុង ប្រទេសឲ្យព្យាយាមចិញ្ចឹមរុយនេះដែរ ហើយលោកបានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចនៅក្នុង ការចែករំលែកបទពិសោធន៍ និងពូជសម្រាប់ចិញ្ចឹម។
លោកបានបន្តថា ការចិញ្ចឹមនេះវាមិនពិបាកនោះទេ ហើយក៏មិនទាមទារដើមទុន រាប់ពាន់ដុល្លារនោះដែរ ដោយសារ វាគឺជាសត្វល្អិតមួយ ប្រភេទដែលត្រូវការតែ កំទិចកំទីផ្ទះបាយបន្លែផ្លែឈើ ត្រីសាច់ តែប៉ុណ្ណោះ និយាយឲ្យចំទៅគឺវាជាសត្វដែល អាចសមស្រមនឹងបរិយាកាសជុំវិញផ្ទះ និង សហគមន៍របស់យើងតែម្តង។ មិនតែប៉ុណ្ណោះវាគឺជាសត្វដែលមិនរំខានដល់ជីវភាព និង សុខភាពរបស់មនុស្សឡើយ។ ការរស់នៅរបស់វាគឺមានដំណាក់កាល ។
លោកបានបញ្ជាក់ថា ” នៅក្នុងកន្លែងចិញ្ចឹមប្រហែលជា២ ម៉ែត្រការ៉េវាអាចស៊ីនិងបោសសំអាតកំទិចកំទីផ្ទះបាយ ប្រហែលជា ១៥ គីឡូនៅក្នុងមួយថ្ងៃ” ។
លោកបានបន្តថា ផលដែលទទួលបានគឺដង្កូវ សម្រាប់ជាចំណីសត្វ ជីកំប៉ុស្តិ៍ ហើយ និង កាកសំណល់នៃសត្វរុយដែលវាងាប់ គឺជាជីដ៏មានជីជាតិសម្រាប់ដំណាំកសិកម្ម ហើយមិនប៉ះពាល់សុខភាពដដល់មនុស្ស ដូចជាជីគីមី ។
តាមឯកសារសត្វរុយ នៅលើពិភពលោកនេះមានប្រហែលជា ២៦០០ ហើយសត្វរុយដែលមានប្រយោជន៍ គឺមានចំនួនប្រមាណជា ៣៥០ ប្រភេទ នៅក្នុងនោះក៏មានរុយពូជ Black Soldier Flyមួយដែរ។ សត្វរុយប្រភេទនេះ មានសារធាតុចិញ្ចឹមប្រូតេអ៊ីនជាង ៤០ភាគរយ ខុសពីសត្វរុយធម្មតា ដែលភ្នាក់ងារចម្លងមេរោគ ។
លោក សៅ សែនសំណាង បានបញ្ជាក់ថា ក្រៅពីយកដង្កូវទៅចិញ្ចឹមសត្វដូចជាត្រី មាន់ ទា ប្រសិនបើការចិញ្ចឹមឲ្យមាន លក្ខណៈប្រសើរនិងស្អាត នោះក៏ជាប្រភពអាហារសម្រាប់ មនុស្សទទួលទានបានផងដែរ ហើយនៅប្រទេសមួយចំនួន ក៏បានចាប់ផ្តើមហើយ ៕