ភ្នំពេញ៖ បុរសម្នាក់បានប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ បន្ទាប់ពីទីតាំងម៉ាស្សាយីហោ «កោសជប់ម៉ាស្សា ១៩៩» បង្កប់សេវាផ្លូវភេទមួយកន្លែង លួចយកលុយគាត់អស់ចំនួន ១០០ដុល្លារ ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង ១០៖៤០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ច្រកចូលសាលាសុវណ្ណភូមិ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ រិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ នៅជិតរង្វង់មូលចោមចៅ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ ។
បើតាមសម្ដីបុរសជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ គាត់មិនសូវស្រួលខ្លួន ក៏បានទៅកោសជប់នៅហាងម៉ាស្សាខាងលើ ដោយហៅនារីម្នាក់មកកោសខ្យល់ឱ្យ តែមុននឹងកោសខ្យល់នារីម៉ាស្សានោះបានឱ្យគាត់ដោះសំលៀកបំពាក់ភ្ជួរជិតកន្លែងម៉ាស្សា ហើយឱ្យរូបគាត់ស្លៀកតែកន្សែងនោះទេ ។ ខណៈពេលកំពុងតែកោសខ្យល់ គាត់បាននិយាយជាមួយនារីម៉ាស្សាខាងលើ ត្រូវរ៉ូវគ្នាដោយបានរួមភេទបន្ថែមទៀតអស់តម្លៃ ១០ដុល្លារ ខណៈពេលប្រតិបត្តិការចប់រួចរាល់ហើយ គាត់ក៏ចូលបន្ទប់ទឹកមួយភ្លែត ដោយមិនបានចាប់អារម្មណ៍នោះទេ ព្រោះតែការទុកចិត្តទៅលើនារីម៉ាស្សាខាងលើ ដូច្នេះរូបគាត់មិនបានយកខោចូលទៅបន្ទប់ទឹកជាមួយទេ បន្ទាប់មកគាត់ក៏បានជិះម៉ូតូត្រឡប់ទៅវិញ ។
ជនរងគ្រោះបន្តទៀតថា លុះពេលគាត់ត្រឡប់ទៅដល់ ការាស់រថយន្តរបស់គាត់ ក៏បានឆែកមើលក្នុងហោប៉ៅខោ ស្រាប់តែឃើញមានលុយដុល្លារ ក្លែងក្លាយចំនួន ១០០ដុល្លារដាក់ជាមួយគ្នា ពេលនោះគាត់ក៏ប្រញាប់ប្រញាល់មកកន្លែងកើតហេតុវិញ ស្រាប់តែថៅកែហាងម៉ាស្សា និងនារីម៉ាស្សាខាងលើ មិនទទួលខុសត្រូវនោះទេ ដោយនិយាយថា ចេញពីកន្លែងកើតហេតុយូរហើយ តែគាត់បានប្រាប់ថាមិនយូរទេ គាត់ទៅតែមួយភ្លែត ហើយក៏ប្រញាប់ប្រញាល់មកភ្លាមៗ ។ ខណៈពេលនោះផងដែរ ថៅកែម៉ាស្សាបានតេហៅ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ មានរងប៉ុស្ដិ៍ចោមចៅបានមកដល់ ក៏បានសួរនាំតិចតួច ហើយក៏ត្រឡប់ទៅវិញបាត់ទៅ ។ លុះពេលមានអ្នកសារព័ត៌មាន មកថតពេញមុខហាង ទើបលោកនាយប៉ុស្តិ៍មកម្តងទៀត រួចនាំនារីម៉ាស្សាដែលជាជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ។
ក្រោយពេលកើតហេតុ បន្ទាប់ពីនាំនារីម៉ាស្សាយកទៅសួរនាំ នារីម៉ាស្សារូបនេះមិនបានសារភាពទេ ហើយសមត្ថកិច្ចបំរុងបញ្ជូនទៅផ្នែកជំនាញ ទើបភាគីខាងថៅកែម៉ាស្សាសុំសងលុយវិញ តែឱ្យនារីម៉ាស្សា និងជនរងគ្រោះទៅស្បថស្បែមុខលោកយាយទូលក្អម នៅប៉ុស្តិ៍ចោមចៅទី៣ នោះផងដែរ ៕