សម្ដេចតេជោ សុំព្រះរាជទានទោស ចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ នូវកំហុសដោយអចេតនាមួយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំព្រះរាជទានទោស ចំពោះព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នូវកំហុសឆ្គងដោយអចេតនាមួយ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៦ តុលានេះថា «ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុស ដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែ យាងចេញទៅសាធារណរដ្ឋ ប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែ ដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជ ទោសចំពោះព្រះអង្គទាំងទ្វេនិងសូម អភ័យទោសពីបងប្អូនជនរួមជាតិចំពោះ កំហុសដោយអចេតនានេះ» ។

កាលពីព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ៕