លោក ពេជ្រ ស្រស់ និងតារាកំប្លែង ពាក់មី សាទរពេលឃើញតុលាការ ដោះលែងលោក សុវណ្ណ រិទ្ធី ឲ្យមានសេរីភាពឡើងវិញ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ចែម ចាន់ដារ៉ា ហៅនាយពាក់មី តារាកំប្លែងល្បីឈ្មោះបោះសំឡេង បានសម្ដែងនូវការអបអរសាទរ ចំពោះការដោះលែងលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ឲ្យមានសេរីភាពឡើងវិញ ។

សូមរំលឹកថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគាររយៈពេល ១៨ខែ តែទោសនេះត្រូវអនុវត្តត្រឹមតែ ៥ខែ២៨ថ្ងៃ ប៉ុណ្ណោះ សល់ប៉ុន្មានព្យួរជាធម្មតា ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល ៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះត្រូវមាន សេរីភាពឡើងវិញផងដែរ ។

លោក ពេជ្រ ស្រស់ បានសរសេរសារយ៉ាងខ្លី លើហ្វេសប៊ុក នៅថ្ងៃទី៥ តុលានេះថា «អបអរសាទរ រិទ្ធី» ។ ចំណែកនាយពាក់មី ក៏បានសរសេរសារលើហ្វេសប៊ុកដែរថា «សូមចូលរួមអបអរសាទរ ប្អូនប្រុស បានមានសេរីភាពវិញហើយ» ។

សូមរំលឹកផងដែរថា លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ជាប់ចោទពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មាន បង្កភាពចលាចលក្នុងសង្គម ។

សមត្ថកិច្ចបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដល់ទីស្នាក់ការសារព័ត៌មាន TVFB នៅខណ្ឌសែនសុខ ក្រោយស្ថាប័នមួយនេះ ផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងកាត់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់អ្នករត់ម៉ូតូឌុប នៅពេលជួបវិបត្តិជំងឺកូវីដ១៩ ។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏បានសម្រេចលុប អាជ្ញាប័ណ្ណសារព័ត៌មានរបស់ TVFB ផងដែរ ៕