ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ពៅ សុធារ៉ាន់ អនុប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ត្រូវបានលោក ញាណ សុវណ្ណ ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនដាក់ ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីកាន់កាប់រុករានដីព្រៃ ឆ្ការដុត និង ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្ន កាលថ្ងៃទី២ តុលា បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ពៅ សុធារ៉ាន់ ជាប់ចោទពីបទ «កាន់កាប់រុករានដីព្រៃ ឆ្ការដុត និង ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ប្រព្រឹត្តនៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ តាមមាត្រា៦២ ចំណុច១ និង មាត្រា៥៦ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ។
