ចៅអធិការវត្ត១អង្គ បម្រុងហៅរថយន្ត និមន្តទៅសៀមរាបវិញ ត្រូវរថយន្តបុកសុគត

0

ភ្នំពេញ៖ ព្រះចៅអធិការវត្តចន្លោង ត្រូវបានរថយន្តបុកសុគត ខណៈកំពុងនិមន្តឆ្លងថ្នល់ទៅម្ខាងទៀត ដើម្បីហៅរថយន្ត និមន្តត្រឡប់ទៅខេត្តសៀមរាបវិញ ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៦៖១៥នាទីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦៣-៣៦៤ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Revo ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-0017 បើកបរដោយឈ្មោះ សំ ធី ភេទប្រុស អាយុ៥៦ នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅទិសខាងលិច លុះដល់ចំណុចកើតហេតុ បានបុកព្រះសង្ឃ មួយអង្គកំពុងនិមន្តឆ្លងថ្នល់ ពីទិសជើងទៅទិសត្បូងបម្រុងហៅរថយន្ត ត្រលប់ទៅខេត្តសៀមរាបវិញ បណ្តាលឲ្យសុគត ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ព្រះសង្ឃដែលត្រូវរថយន្តបុកមានព្រះនាម សាង សុធា ភេទប្រុស ព្រះជន្ម ៦៨ព្រះវស្សា ចៅអធិការវត្តចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។

អធិការស្រុកក្រឡាញ់បញ្ជាក់ថា មូលហេតុគ្រោះថ្នាក់បណ្តាលមកពី ព្រះសង្ឃនិមន្តឆ្លងថ្នល់ ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើករថយន្ត បើកបរក្នុងល្បឿនលឿន។

បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធី ៕