ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេង បណ្ដាញសង្គមជាច្រើន ពេលនេះម្ចាស់សណ្ឋាគារ Le Palais Hotel នៅប្រទេសថៃ ដែលយករូបចម្លាក់ប្រាសាទខ្មែរ ដាក់តាំងលម្អនៅកន្លែងរបស់ខ្លួន បានចេញមុខសុំទោសជាសាធារណៈ និងបញ្ជាក់ខ្លីថា ខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើង នៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ ។
កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចែកចាយតៗគ្នា ពីសណ្ឋាគារមួយនៅប្រទេសថៃ ដែលចម្លងទាំងស្រុងនៅរចនាបទ បាយ័ន អង្គរ បន្ទាយស្រីរបស់ខ្មែរ ។ សណ្ឋាគារនេះឈ្មោះ Le Palais Hotel មានទីតាំងនៅលើកោះផាងហ្គាន ខេត្តស៊ូរ៉ាតថានី ប្រទេសថៃ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៥ តុលានេះ បានឲ្យដឹងថា «ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានធ្វើការសូមទោស ដែលបានយករូបចម្លាក់ប្រាសាទខ្មែរ មកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើង នៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ» ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការសុំទោសនេះ បានកើតឡើងបន្ទាប់ពី មានការរិះគន់យ៉ាងច្រើន ចំពោះការយករចនាបទខ្មែរ ទៅប្រើដោយសណ្ឋាគារនេះ ។ ម្ចាស់សណ្ឋាគារនេះគឺជា ប្តីប្រពន្ធសញ្ជាតិខ្មែរ ៕






