ភ្នំពេញ៖ នៅក្នុងករណី រថយន្តដឹកដីបុក ទៅលើយុវជនម្នាក់ បើងដូចក្រដាស នៅខេត្តកំពង់ឆ្នាំង បានធ្វើអោយមានភ្ញាក់ផ្អើល និងមានមតិខុសៗគ្នា ជុំវិញករណីនេះ អ្នកខ្លះថា តៃកុងឡានដៃឆៅពេក និងអ្នកខ្លះទៀតនិយាយថា មកពីក្រុមយុវជនទាំងនោះ ព្រហើនមិនខ្លាចឡាន នឹងស្មានថាឡានមិនហ៊ានបុក។ ជុំវិញករណីនេះភាគីទាំងពីរក៏បាន សម្របសម្រួលគ្នា ក្រៅប្រព័ន្ធច្បាប់ រួចម្ដងហើយដែរ ប៉ុន្តែដោយសារមានការបង្ហោះព្រោងព្រាត នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយបានបង្កឱ្យមាន ការភ្ញាក់ផ្អើល ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការស៊ើបអង្កេតបន្ទាន់ ទៅលើករណីនេះ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា ក៏បានឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដីនោះ នៅព្រឹកថ្ងៃនេះដើម្បី អនុវត្តតាមនីតិវិធីច្បាប់
ជុំវិញករណីនេះ ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍ បានបញ្ជាក់ឲ្យដឹងថា ដោយមាន បញ្ជាពីព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ឲ្យនគរបាល ឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដី បុកទៅលើយុវជនម្នាក់ បើងដូចក្រដាស មកធ្វើការសួរនាំនិងធ្វើកំណត់ ហេតុដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃនេះ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ។
ឧត្តមសេនីយ៍ត្រី កេត យ៉ុង ក៏បានឱ្យដឹងផងដែរថា អ្នកបើកបររថយន្តដឹកដី មានឈ្មោះ វើក វន្នី កើតនៅឆ្នាំ១៩៩១ មានអាស័យដ្ឋានរស់នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកបានបញ្ជាក់ឲ្យដឹងថា ករណីរថយន្តដឹកដី បុកយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ក្រោយកើតហេតុភាគី ទាំងសងខាង មិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នា ក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណង សងថ្លៃព្យាបាល ទៅឱ្យខាងយុវជន ដែលឈរឌឺនៅលើផ្លូវ ។
ក្រោយកើតហេតុ៣ថ្ងៃ ទើបខាងភាគីរថយន្ត យកលុយទាំងនោះ ដែលជួយចេញសងថ្លៃ ព្យាបាលមកប្រគល់សមត្ថកិច្ច នៅស្រុកអធិការកំពង់ត្រឡាច ឱ្យជួយដឹងលឺ។ ជនរងគ្រោះមិនបណ្ដាល ឲ្យស្លាប់ទេតែរបួសធ្ងន់ ។
ក្រោយ៣ ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើ បណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមាន ការភ្ញាក់ផ្អើល ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការស៊ើបអង្កេតបន្ទាន់ ទៅលើករណីនេះ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា ក៏បានឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដីនោះ នៅព្រឹកថ្ងៃនេះដើម្បី អនុវត្តតាមនីតិវិធីច្បាប់។
តាមវីដេអូឃ្លីប ថតបានស្ដែងស្ដែង ដោយបងប្អូនរបស់ ជនរងគ្រោះផ្ទាល់ ដែលជាលក្ខណៈថតលេង មុនកើតហេតុការណ៍ ដែលបង្ហោះដោយហ្វេសប៊ុក យុវជនមួយក្រុមឈរ ជុំគ្នាពាក់កណ្ដាលផ្លូវ ក៏មានរថយន្តបែនដឹកដី បើកមក ហើយស៊ីភ្លេជាច្រើនដង ប៉ុន្តែក្រុមយុវជន ដែលឈរនៅលើផ្លូវហាក់ មិនចាប់អារម្មណ៍ ឃើញដែរតែដូចជាប្រមាថ ឬក៏អាចនិយាយ ថាឌឺក៏ថាបាន ចំណែកអ្នកបើកបររថយន្ត បែនដឹកដីវិញ ក៏មិនណយដែរ បើកមានល្បឿនលឿន មិនបាត់បង់អន់ឬ ក៏ជាន់ហ្វ្រាំងទុក ឬក៏គេចមួយឡើយ បោះពួយមកបុកយុវជនពេញ ទំហឹងតែម្តង៕